ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ ការដាក់ច្បាប់លើប្រទេសណាមួយ គួរតែត្រូវបានហាមឃាត់

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការដាក់ច្បាប់លើប្រទេសណាមួយគួរតែត្រូវបានហាមឃាត់ ហើយគ្មាននរណាម្នាក់មានសិទ្ធិគ្រប់គ្រងពិភពលោក សម្រាប់អ្នកដទៃឡើយ។

ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃក្លឹបពិភាក្សា Valdai នៅទីក្រុងស៊ូជី លោក ពូទីន បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងពិភពលោកបើកចំហ ទំនាក់ទំនងគ្នាទៅវិញទៅមក និងចម្រុះ ដែលការដាក់ច្បាប់លើប្រទេសផ្សេងទៀតគួរតែត្រូវបានហាមឃាត់។

លោកបានលើកឡើងថា “វាគួរតែត្រូវបានហាមឃាត់មិនឱ្យដាក់លើប្រទេសណាមួយឬប្រជាជនពីរបៀបដែលពួកគេគួររស់នៅ របៀបដែលពួកគេគួរមានអារម្មណ៍។ មានតែភាពចម្រុះនៃវប្បធម៌ និងអរិយធម៌ពិតប្រាកដប៉ុណ្ណោះ ដែលនឹងធានាបាននូវសុខុមាលភាពរបស់មនុស្ស និងតុល្យភាពនៃផលប្រយោជន៍”។

លោកពូទីន បានបន្ដថា “គ្មាននរណាម្នាក់នឹងសម្រេចចិត្តសម្រាប់មនុស្សគ្រប់គ្នាទេ ហើយមិនមែនគ្រប់គ្នានឹងសម្រេចចិត្តលើអ្វីគ្រប់យ៉ាងនោះទេ ប៉ុន្តែអ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ដោយបញ្ហាជាក់លាក់ណាមួយនឹងយល់ព្រមលើអ្វីដែលត្រូវធ្វើ និងរបៀបធ្វើវា” ។

ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានសង្កត់ធ្ងន់ថា សន្តិភាពសកលដ៏យូរអង្វែង នឹងមិនត្រូវបានបង្កើតឡើងឡើយ រហូតទាល់តែមតិរបស់ប្រទេសទាំងអស់ត្រូវបានគោរព ហើយទាំងអស់គ្នាមានអារម្មណ៍សុវត្ថិភាព។

ស្តីពីគោលនយោបាយការពារជាតិរបស់រុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា ឆាប់ៗនេះ រុស្ស៊ីនឹងចាប់ផ្តើមផលិតប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Sarmat ទ្រង់ទ្រាយធំ ហើយការសាកល្បងជោគជ័យចុងក្រោយរបស់ Burevestnik ដែលជាកាំជ្រួចមីស៊ីលឆ្លងទ្វីប ដើរដោយថាមពលនុយក្លេអ៊ែរយៈចម្ងាយសាកល ត្រូវបានធ្វើឡើង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top