ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ ត្រៀមយន្តហោះជម្លៀសពលរដ្ឋខ្លួន ចេញពីអ៊ីស្រាអែល ខណៈជនជាតិថៃប្រហែល ២៩.៩០០នាក់ កំពុងធ្វើការនៅទីនោះ

AFP

បរទេស៖ ជនជាតិថៃពីរនាក់បានស្លាប់ ខណៈដែល ៨នាក់បានរងរបួស និង ១១នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងទឹកដី ដែលកាន់កាប់ដោយអ៊ីស្រាអែល ខណៈដែលក្រុមហាម៉ាស់បានបើក ការវាយលុកលើគោលដៅហួស ពីតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋថៃ ដែលរស់នៅក្បែរតំបន់ជម្លោះ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតថៃប្រចាំនៅអ៊ីស្រាអែល លោកស្រី Pannabha Chandraramya ដែលបាននិយាយនៅក្នុងសន្និសីទសង្ខេប ដែលរៀបចំឡើងដោយក្រសួងការបរទេស នៅទីក្រុងបាងកកកាលពីម្សិលមិញ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលនៅតែស្ថិត ក្នុងការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយរហូតមកដល់ពេលនេះបានគ្រប់គ្រង តំបន់ពីរដែលទាមទារដោយក្រុមហាម៉ាស។

លោកស្រី Pannabha ដែលបាននិយាយតាមទូរស័ព្ទបាននិយាយថា ពលករថៃដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង មិនមែនជាគោលដៅរបស់ក្រុមហាម៉ាសទេ ប៉ុន្តែគ្រាន់តែនៅក្នុងកន្លែងខុស ក្នុងពេលខុស។ រដ្ឋមន្ត្រីការបរទេសថៃ លោក Parpree Bahiddha-Nukara បាននិយាយថា ក្នុងចំណោមពលរដ្ឋថៃ ៨នាក់ ដែលរងរបួសក្នុងការប៉ះទង្គិចគ្នានោះ ៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈ៣នាក់កំពុងរង់ចាំការសង្គ្រោះ។

រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat Ratchakitprakarn បាននិយាយថា ក្នុងចំណោមពលករថៃ ២៩.៩០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល មានប្រហែល ៥.០០០នាក់ រស់នៅក្នុងទីក្រុង Netivot, Sderot និង Ashkelon ដែលស្ថិតនៅក្រោមច្បាប់បិទខ្ទប់។

ថ្លែងទៅកាន់អ្នកសារព័ត៌មានដែលមក ដល់ទីក្រុងហុងកុងកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋា ថាវីស៊ីន បាននិយាយថា លោកត្រូវបានជូនដំណឹងដោយលោកស្រី Pannabha ថា មានពលរដ្ឋថៃម្នាក់ទៀតបានស្លាប់ នៅក្នុងជម្លោះដែលនាំឱ្យ ចំនួនសរុបកើនឡើងដល់២នាក់ ។នាយករដ្ឋមន្ត្រីបាននិយាយថា លោកនឹងប្រើបណ្តាញការទូតទាំងអស់ ដែលមានដើម្បីធានាការដោះលែងជនជាតិថៃ។ លោកថា «ពួកគេគ្មានកំហុស ហើយគ្មានអ្វីពាក់ព័ន្ធនឹងជម្លោះនោះទេ»។

លោក សេដ្ឋា នាយករដ្ឋមន្រ្តី បាននិយាយថា កងទ័ពអាកាសថៃកំពុងត្រៀមយន្តហោះ ដើម្បីជម្លៀសប្រជាជនថៃ ចេញពីប្រទេសអ៊ីស្រាអែល ខណៈដែលស្ថានភាពនៅតែ ស្ថិតក្នុងការ “ព្រួយបារម្ភ”។ ជើងហោះហើរនីមួយៗអាចផ្ទុកមនុស្សបានដល់ទៅ ៤២៣នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top