ព័ត៌មានអន្តរជាតិ

ថៃ៖ អ្នករត់តុកតុក៣នាក់ វាយអ្នកទេសចរអារ៉ាប៊ីសាអូឌីតម្នាក់ ដោយសាររឿងជូនខុសគោលដៅ និងឱ្យបង់លុយថែម

Photo: Patong police station

បរទេស៖ អ្នកបើករ៉ឺម៉កកង់បី៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ បន្ទាប់ពីអ្នកទេសចរមកពី ប្រទេសអារ៉ាប៊ីសាអូឌីតម្នាក់ ត្រូវបានវាយដំនៅខាងក្រៅសណ្ឋាគារភូកេត កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលីសប៉ុស្តិ៍ Patong បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីរូបថតមួយសន្លឹកត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីក្រុមអ្នកបើករ៉ឺម៉កបានវាយប្រហារ អ្នកទេសចរអារ៉ាប៊ីសាអូឌីតម្នាក់ នៅឯសណ្ឋាគារ Amata នៅលើផ្លូវ Rat Uthit 200 Years ក្នុងតំបន់ Patong កាលពីថ្ងៃអាទិត្យ។

បន្ទាប់ពីពិនិត្យមើលការ ថតវីដេអូពីកាមេរ៉ាសុវត្ថិភាព ប៉ូលីសបានចាប់ខ្លួនបុរសចំនួន ៣នាក់ គឺឈ្មោះ Anusorn អាយុ ២៩ឆ្នាំ, ឈ្មោះ Apisit អាយុ ២៦ឆ្នាំ និង Nusrulloh អាយុ ២៨ ឆ្នាំ អ្នកបើករ៉ឺម៉កកង់បីនៅតំបន់ Patong ។ ឈ្មោះពេញរបស់ពួកគេ មិនត្រូវបានបញ្ចេញនោះទេ។

ប៉ូលិសបាននិយាយថា នៅម៉ោងប្រហែល ៦ និង ១៥ នាទីព្រឹកថ្ងៃអាទិត្យ លោក Anusorn បានដឹកភ្ញៀវទេសចរពី Soi Saen Sabai តាមផ្លូវ Rat Uthit 200 Years ទៅសណ្ឋាគារ 7Q Patong Beach។ តម្លៃដែលបានព្រមព្រៀងគឺ ២០០ បាត។ ពេលរ៉ឺម៉កកង់បីជិះមកដល់សណ្ឋាគារ អ្នកដំណើរបាននិយាយថា មិនមែនជាកន្លែងដែលគាត់ស្នាក់នៅនោះទេ។ គាត់បានប្រាប់លោក Anusorn ឱ្យនាំគាត់បន្តទៅសណ្ឋាគារ Amata តាមផ្លូវ Rat Uthit 200 Years ផងដែរ។

ពេលទៅដល់ទីនោះ អ្នករត់រ៉ឺម៉កម៉ូតូកង់បីបានទាមទារប្រាក់ ៤០០ បាត គឺឡើងពីរដងនៃថ្លៃឈ្នួលដែលបានព្រមព្រៀងពីមុន។ ប៉ូលីសបាននិយាយថា បុរសជនជាតិអារ៉ាប៊ីសាអូឌីតរូបនេះ បានបដិសេធមិនព្រមបង់ប្រាក់ពេញ ហើយអ្នកទាំងពីរនាក់នេះ ក៏កើតជម្លោះនឹងគ្នា ។ បន្ទាប់មកលោក Anusorn បានទូរស័ព្ទទៅឈ្មោះ Apisit និង Nusrulloh តាមទូរស័ព្ទ ដើម្បីសុំជំនួយ។

ប៉ូលីសបាននិយាយថា នៅពេលដែលបុរសទាំងពីរនាក់នោះមកដល់ ភាគីទាំងសងខាងនៅតែមិនអាច ដោះស្រាយជម្លោះតម្លៃសំបុត្របាន ទើបនាំឱ្យអ្នកទេសចរជនជាតិអារ៉ាប៊ីសាអូឌីត រូបនេះត្រូវបានបុរសទាំងបីនាក់វាយដំ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top