អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទថា មានមនុស្សជាង១២៣.០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះដែលស្ថិតនៅនៅខាងក្នុងតំបន់ហ្គាហ្សា ដោយផ្អែកទៅលើការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអ៊ែល ។
ការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់ផ្លោងរបស់អ៊ីស្រាអ៊ែល បានវាយប្រហារចំលើផ្ទះ និងអគារផ្ទះល្វែង ក្នុងនោះមានប៉មលំនៅដ្ឋានធំៗចំនួន៤នៅក្នុងទីក្រុង ហ្គាហ្សា ត្រូវបានបំផ្លាញ ។
ការិយាល័យខាងលើបានឲ្យដឹងថា បុគ្គលិកថែទាំសុខភាពចំនួន៦នាក់បានស្លាប់ និងចំនួន៤នាក់ផ្សេងទៀតបានរងរបួស ដោយកន្លែងថែទាំសុខភាពចំនួន៧ និងរថយន្តសង្គ្រោះចំនួន៩គ្រឿងត្រូវបានខូចខាត ។
ការខូចខាតប្រព័ន្ធទឹក អនាម័យ និងគ្រឿងបរិក្ខារអនាម័យបានធ្វើឱ្យខូចខាតដល់ការបម្រើសេវាដល់មនុស្សជាង៤០០.០០០ ដែលរស់នៅតំបន់ហ្គាហ្សា ។ រោងចក្រថាមពលហ្គាហ្សា នាពេលឥឡូវនេះ គឺជាប្រភពអគ្គិសនីតែមួយគត់ ហើយអាចអស់ប្រេងឥន្ធនៈក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ (UNRWA) បានព្យាករណ៍ថា ជាងពាក់កណ្តាលនៃអ្នកភៀសខ្លួនទាំងនោះកំពុងស្នាក់នៅក្នុងសាលារៀនរាប់សិបបន្ទប់ ។ ការិយាល័យដដែលនេះបានឲ្យដឹងថា UNRWA បានកំណត់ជម្រកសង្គ្រោះបន្ទាន់ដើម្បីទទួលយកពួកគេ និងផ្តល់ជំនួយដែលចាំចាច់ផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
