ព័ត៌មានអន្តរជាតិ

លោក បៃដិន ជំរុញឲ្យសភាផ្តល់មូលនិធិ សន្តិសុខ ​ ខណៈដែលការស្លាប់របស់ជនជាតិអាមេរិក នៅអ៊ីស្រាអែល កើន​ដល់ ១៤នាក់​

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ ចំនួនពលរដ្ឋអាមេរិក ដែលត្រូវបានសម្លាប់ ចំពេលជម្លោះ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើងដល់ ១៤នាក់ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ ក៏បានឲ្យដឹងផងដែរថា ជនជាតិអាមេរិកត្រូវបានគេជឿថា ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់។

ថ្លែងពីបន្ទប់ទទួលទានអាហារនៅសេតវិមាន លោក បៃដិន បានជំរុញឱ្យសភា “ចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់មូលនិធិដល់តម្រូវការសន្តិសុខជាតិរបស់ដៃគូសំខាន់ៗរបស់យើង” ដោយ​ថា ការផ្តល់មូលនិធិនេះ “មិនមែននិយាយអំពីគណបក្ស ឬនយោបាយនោះទេ វានិយាយអំពីសន្តិសុខនៃពិភពលោករបស់យើង និងសន្តិសុខ​របស់សហរដ្ឋអាមេរិក”។

អមដោយអនុប្រធានាធិបតីលោកស្រី Kamala Harris និងរដ្ឋមន្រ្តីការបរទេសលោក Antony Blinken លោកប្រធានាធិបតីបានឲ្យដឹងថា រដ្ឋបាលរបស់លោក កំពុងបង្កើន ជំនួយយោធាបន្ថែមដល់អ៊ីស្រាអែល រួមទាំងគ្រាប់រំសេវ និងឧបករណ៍ស្ទាក់ចាប់ ដូច្នេះដើម្បី “ធ្វើឱ្យប្រាកដថា អ៊ីស្រាអែល មានសមត្ថភាព ដើម្បីការពារទីក្រុង​ និង​ប្រជាជន​របស់​ខ្លួន”។

លោក បៃដិន បានកត់សម្គាល់ថា លោកទើបតែបាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលជាការហៅទូរស័ព្ទលើកទី៣ រវាងអ្នកទាំងពីរ ចាប់តាំងពីជម្លោះកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍។

លោក បៃដិន បានលើកឡើងថា “ខ្ញុំបានប្រាប់គាត់ថា ប្រសិនបើសហរដ្ឋអាមេរិក បានជួបប្រទះនូវអ្វី ដែលអ្នកកំពុងជួបប្រទះ ការឆ្លើយតបរបស់យើង នឹងមានការសម្រេចយ៉ាងឆាប់រហ័ស និងលើសលប់” ។

ភ្លាមៗបន្ទាប់ពីលោក បៃដិន បានបញ្ចប់សុន្ទរកថារបស់លោក ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅឯសេតវិមានថា មាន “ជនជាតិអាមេរិកចំនួន ២០នាក់ ឬច្រើនជាងនេះ” ដែលនៅតែមិនការបញ្ជាក់ព័ត៌មាននៅក្នុងអ៊ីស្រាអែល។

លោក​បានលើកឡើងថា “យើងមិនដឹងអំពីស្ថានភាពរបស់ពួកគេនោះទេ ហើយយើងមិនអាចបញ្ជាក់ចំនួនជាក់លាក់នៃពលរដ្ឋអាមេរិកបានឡើយទេ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top