ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស បញ្ចេញវីដេអូស្ត្រីចំណាប់ខ្មាំង ជាជនជាតិបារាំង-អ៊ីស្រាអែល ជាលើកដំបូង

AFP

យេរ៉ូសាឡឹម៖ ក្រុមហាម៉ាស បានចេញផ្សាយ​នូវវីដេអូ នៃចំណាប់ខ្មាំងជនជាតិបារាំង-អ៊ីស្រាអែលម្នាក់ នៅលើប៉ុស្តិ៍ Telegram របស់ពួកគេ ដែលជាវីដេអូដំបូង ដែលបានចេញផ្សាយអំពី ចំណាប់ខ្មាំងប្រហែល ២០០ នាក់ដែលត្រូវបានចាប់ពង្រត់ ដោយក្រុមនេះទៅកាន់តំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា។

ការិយាល័យរបស់លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅពេលដែលវីដេអូនេះត្រូវបានចេញផ្សាយ និងធ្វើបច្ចុប្បន្នភាព។

ចំណាប់ខ្មាំង​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ Mia Shem អាយុ ២១ឆ្នាំ។ នៅក្នុងវីដេអូ Shem ដែលនិយាយជាភាសាហេប្រ៊ូ បានឲ្យដឹងថា នាងបានទទួលការព្យាបាលនៅហ្គាហ្សា ហើយបានទទួលការវះកាត់ដៃ។

នាងបានលើកឡើងថា “ខ្ញុំបានត្រលប់មកវិញនៅព្រឹកថ្ងៃសៅរ៍ (ថ្ងៃទី០៧ ខែតុលា) ពី Sderot (នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល) ខ្ញុំនៅឯពិធីជប់លៀងមួយ។ ខ្ញុំរងរបួសយ៉ាងធ្ងន់ធ្ងរនៅលើដៃរបស់ខ្ញុំ។ ខ្ញុំបានទទួលការវះកាត់រយៈពេល ៣ ម៉ោងនៅលើដៃរបស់ខ្ញុំ នៅមន្ទីរពេទ្យ ( នៅហ្គាហ្សា) ពួកគេកំពុងមើលថែខ្ញុំ ផ្តល់ថ្នាំឱ្យខ្ញុំ ហើយអ្វីៗ គឺល្អ ខ្ញុំសុំឱ្យពួកគេនាំខ្ញុំទៅផ្ទះឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន ទៅកាន់ឪពុកម្តាយរបស់ខ្ញុំ”។

កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស បានបើកការវាយលុកយ៉ាងខ្លាំងក្លាទៅលើទីប្រជុំជនអ៊ីស្រាអែល ដែលនៅជាប់នឹងតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់​ ដោយរំលោភព្រំដែនដីជាមួយអ៊ីស្រាអែល ពួកសកម្មប្រយុទ្ធហាម៉ាស បានបើកការបាញ់ប្រហារទៅលើអ្នកស្រុក និងចាប់យកពួកគេមួយចំនួន ដែលជំរុញឱ្យអ៊ីស្រាអែល បើកការវាយប្រហារសងសឹកលើតំបន់ហ្គាហ្សា។

យោធាអ៊ីស្រាអែលកាលពីថ្ងៃច័ន្ទ បានធ្វើបច្ចុប្បន្នភាពនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ចំណាប់ខ្មាំង ១៩៩ នាក់ត្រូវបានចាប់ខ្លួននៅហ្គាហ្សា ខណៈដែលក្រុមហាម៉ាស បានអះអាងថាមានឈ្លើយសឹកអ៊ីស្រាអែលពី ២០០ ទៅ ២៥០នាក់នៅក្នុងតំបន់ហ្គាហ្សា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top