ព័ត៌មានអន្តរជាតិ

សង្រ្គាមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់៖ មិនអាចដឹងច្បាស់ថាតើ ការវាយប្រហារមកលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា បង្កឡើងដោយអ្នកណាឲ្យប្រាកដ

រូបភាពពី៖​ AFP

ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា តើមន្ទីរពេទ្យ Ahli Arab នៅតំបន់ហ្គាហ្សា រងការបាញ់ប្រហាររបស់អ៊ីស្រាអ៊ែលឬទេ? ឬមួយក៏ក្លាយជាជនរងគ្រោះនៃគ្រាប់រ៉ុក្កែតរបស់ប៉ាឡេស្ទីនដែលបានបាញ់ខុស? តើជនស៊ីវិលប៉ុន្មាននាក់ត្រូវបានសម្លាប់? ។

ជុំវិញករណីនេះដែរ អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន បានស្តីបន្ទោសដាក់គ្នាចំពោះការវាយប្រហារដ៏សាហាវទៅលើមន្ទីរពេទ្យដែលគ្រប់គ្រងដោយគ្រិស្តបរិស័ទក្នុងសប្តាហ៍នេះ ។

ទីភ្នាក់ងារ AFP បានធ្វើការវិភាគទៅលើរូបភាពដែលបានផ្ទៀងផ្ទាត់ ហើយបានសម្ភាសអ្នកវិភាគ និងអ្នកជំនាញខាងអាវុធ ដែលមិនបានបដិសេធដាច់ខាតនូវសេណារីយ៉ូណាមួយនោះឡើយ ។

តើរូបភាពដែលមានបង្ហាញគឺអ្វីខ្លះ?

ខ្សែវីដេអូផ្សព្វផ្សាយពីតំបន់ហ្គាហ្សា ដែលផលិតដោយបណ្តាញព័ត៌មាន Al Jazeera ដែលទីភ្នាក់ងារ AFP អាចផ្ទៀងផ្ទាត់បានបង្ហាញពីពេលវេលាពិតប្រាកដនៃការផ្ទុះនៅមន្ទីរពេទ្យ Ahli Arab នៅម៉ោង៦និង៥៩នាទីល្ងាច ត្រូវនឹងម៉ោង១១និង៥៩នាទីម៉ោងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ទី១៧ ខែតុលានេះ ហើយវីដេអូពីកាមេរ៉ាឃ្លាំមើលខាងអ៊ីស្រាអ៊ែល វិញក៏ថតបានទិដ្ឋភាពដូចគ្នាផងដែរ ។

នៅក្នុងវីដេអូដែលបានបង្ហោះបានបង្ហាញពីគ្រាប់មីស៊ីលមួយដែលហោះឡើងលើមេឃនៅមុនពេលវាបាត់ខ្លួនភ្លាមៗនៅកណ្តាលអាកាសប្រែទៅជាពន្លឺ ។

មិនតិចជាង១០វិនាទីក្រោយមក ការផ្ទុះចំនួន២បានកើតឡើងនៅលើដី រួមទាំងមួយនៅបរិវេណមន្ទីរពេទ្យដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃតំបន់ហ្គាហ្សា ។ ដោយទីភ្នាក់ងារ AFP អាចផ្ទៀងផ្ទាត់ដោយប្រើឧបករណ៍កំណត់ទីតាំងភូមិសាស្ត្រ ។

មានខ្សែវីដេអូផ្សេងទៀតដែលផ្សាយតាមអ៊ីនធើរណេត ក្រោយពីការផ្ទុះ និងផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារ AFP បានបង្ហាញអំពីរថយន្តជាច្រើនគ្រឿងដែលកំពុងឆេះនៅឯចំណតរថយន្តនៅចំកណ្តាលមន្ទីរពេទ្យ គំនរកម្ទេចកម្ទី ព្រមទាំងសាកសពមួយចំនួនដេកស្តូកនៅលើដី រួមទាំងកុមារមួយចំនួនផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top