ព័ត៌មានអន្តរជាតិ

ទីក្រុងបាងកក ប្រទេសថៃ ស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង១០ ជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក

បរទេស ៖ ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសុក្រនេះ ត្រូវបានចុះបញ្ជីក្នុងចំណោមទីក្រុង ដែលបំពុលខ្លាំងបំផុតទាំង ១០ របស់ពិភពលោក ខណៈដែលកម្រិត នៃធូលី PM2.5 ដែលបង្កគ្រោះថ្នាក់ បានកើនឡើងដល់ ៤៨មីក្រូក្រាម ក្នុងមួយម៉ែត្រគូប (μg/m3) ។ IQAir ជាគេហទំព័រដែលប្រមូល ទិន្នន័យគុណភាពខ្យល់ ទូទាំងពិភពលោក បានដាក់ចំណាត់ថ្នាក់រាជធានីថៃ ស្ថិតនៅទី ១០ ក្នុងបញ្ជីបំពុលពិភពលោករបស់ខ្លួនគិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃសុក្រ ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) បានរាយការណ៍ថា ខណៈដែលកម្រិតធូលី PM2.5 នៅតែស្ថិតក្នុងកម្រិតសុវត្ថិភាព នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសថៃ ប៉ុន្តែវាបានកើនលើស ពីកម្រិតសុវត្ថិភាព 37.5μg/m3 នៅក្នុងតំបន់ភាគច្រើននៃទីក្រុងបាងកក ។

កម្រិតនៅទីក្រុងបាងកក និង ជាយក្រុងមានចាប់ពី 24.6 ដល់ 55.7 µg/m³ នៅថ្ងៃសុក្រ។ PCD បាននិយាយថា តំបន់ភាគច្រើនកំពុងជួបប្រទះ នឹងគុណភាពខ្យល់ ដែលចាប់ផ្តើមប៉ះពាល់ដល់សុខភាព ។ នាយកដ្ឋាននេះបានព្រមានថា ខ្យល់នៅតែនឹងនាំឱ្យមានកំហាប់ PM2.5 ខ្ពស់នៅក្នុងរដ្ឋធានីរហូតដល់ថ្ងៃទី ២៨ ខែតុលា ។

ទីក្រុងបាងកកបានបង្ហាញ ខ្លួនជាទៀងទាត់នៅលើកំពូល នៃចំណាត់ថ្នាក់ការបំពុលពិភពលោក គឺនៅក្នុងខែកុម្ភៈ និងខែមីនាឆ្នាំនេះ។

ការកើនឡើងនៃកម្រិតធូលី ក្នុងខ្យល់ PM2.5 នាពេលបច្ចុប្បន្ននេះ គឺបង្ហាញពីការត្រលប់មកវិញនៃការបំពុលតាមរដូវកាល ដោយសារធូលីល្អប្រមូលផ្តុំ នៅក្នុងខ្យល់ដែលនៅទ្រឹង ចំពេលលក្ខខណ្ឌអាកាសធាតុមានសម្ពាធខ្ពស់៕
ប្រែសម្រួលៈ ណៃ តុលា

To Top