បរទេស៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃច័ន្ទ បានធ្វើការអង្វរយ៉ាងទទូចដល់ពលករថៃ ទាំងអស់ឱ្យចាកចេញពីប្រទេសអ៊ីស្រាអែល ដោយព្រមានថា ជម្លោះទំនងជានឹងរីករាលដាល និងកើនឡើង ហើយការប្រយុទ្ធគ្នានៅលើដីនាពេលអនាគតរារាំងកិច្ចខិតខំប្រឹងប្រែងជម្លៀសចេញ។
យោងតាមសារព័ត៌មានបាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកសេដ្ឋា ថាវីស៊ីន បានធ្វើការអំពាវនាវនេះបន្ទាប់ពីបានជួបជាមួយមន្ត្រីនៅក្រសួងការបរទេសស្តីពីស្ថានភាពនៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ស្រ្ទីប របស់ប៉ាឡេស្ទីន។
នាយករដ្ឋមន្ត្រីបាននិយាយថា “កម្លាំងយោធា កិច្ចការបរទេស និងសន្តិសុខទាំងអស់បានបញ្ជាក់ថា ទោះបីជាការវាយប្រហារដែលតាមសេចក្តីរាយការណ៍បានធូរស្រាលក៏ដោយ ក៏ភាពខ្លាំងនៃសង្រ្គាមមិនមានថមថយនោះទេ ហើយទំនងជានឹងកើនឡើង និងរាលដាលដល់ប្រទេសជិតខាង។ នេះជាក្តីកង្វល់ពិតប្រាកដ”។ «សូមត្រឡប់មកវិញ សាច់ញាតិរបស់ពួកគេនៅទីនេះ (ថៃ) សូមបញ្ចុះបញ្ចូលពួកគេឲ្យចាកចេញពីអ៊ីស្រាអែលឥឡូវនេះ ។ លោកបន្ថែមថា ខណៈពេលនេះ ការត្រឡប់មកវិញរបស់ពួកគេនៅតែអាចធ្វើទៅបាន ហើយនៅពេលដែលការប្រយុទ្ធនៅលើដីចាប់ផ្តើម ការត្រឡប់មកវិញនឹងមានការលំបាក។ វានឹងពិបាកទៅដល់មជ្ឈមណ្ឌលជម្លៀស និងព្រលានយន្តហោះ។
លោកថា “ពេលនេះប្រជាជនថៃ ១.០០០ នាក់អាចជម្លៀសចេញជារៀងរាល់ថ្ងៃ ខ្ញុំចង់ឲ្យពួកគេទាំងអស់ត្រលប់មកវិញ បន្ទាប់ពីចុះហត្ថលេខាលើឈ្មោះហើយ សូមកុំប្តូរចិត្តអី ទោះលុយច្រើនប៉ុណ្ណាក៏ដោយ វាមិនមានតម្លៃដូចជីវិតរបស់អ្នកនោះដែរ… ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា ត្រឡប់មកវិញដោយសុវត្ថិភាព។
របស់ផ្សេងទៀតមិនសូវសំខាន់ទេ។ សូមត្រឡប់មកវិញ។ សូមបារម្ភខ្វល់ខ្វាយចំពោះជីវិតរបស់អ្នក។ ត្រឡប់មកវិញភ្លាមៗ៕
ប្រែសម្រួលៈ ណៃ តុលា