ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ជំរុញឲ្យអាមេរិក ផ្តល់ និយមន័យច្បាស់លាស់ ស្តីពីការធ្វើចំណាកស្រុក និងការបិទផ្លូវលើគុយបា

រូបភាពពី៖​ XINHUA

ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ “និយមន័យច្បាស់លាស់” ស្តីពីការធ្វើចំណាកស្រុក និងការបិទផ្លូវសេដ្ឋកិច្ចប្រឆាំងនឹងគុយបា ដែលលោកចាត់ទុកថាជា “ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ” ។

លោកប្រធានាធិបតីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា “យើងកំពុងស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បើកការសន្ទនាមួយជាមួយគុយបា”។

លោក Lopez Obrador ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅពាក់កណ្តាលខែវិច្ឆិកា ក្នុងអំឡុងពេលកិច្ចប្រជុំនៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលនឹងត្រូវធ្វើឡើងនៅ San Francisco ក្នុងសហរដ្ឋអាមេរិក។

បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ជាមួយតំណាងនៃបណ្តាប្រទេសនៅអាមេរិកឡាទីន និងការាបៀន ដែលជាកន្លែង ដែលវាត្រូវបានយល់ព្រម ដើម្បីធ្វើការកាត់បន្ថយការធ្វើចំណាកស្រុកក្នុងតំបន់ លោក Lopez Obrador បានទទូចថា វាជារឿងបន្ទាន់ផងដែរ ដើម្បីបញ្ចប់ការបិទផ្លូវសេដ្ឋកិច្ចប្រឆាំងនឹងគុយបា។

ប្រធានាធិបតីម៉ិកស៊ិកបានលើកឡើងថា ទោះបីជាមានការវិវឌ្ឍន៍មួយចំនួនក៏ដោយ វាជារឿងសំខាន់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ “និយមន័យច្បាស់លាស់” លើបញ្ហាដូចជាការធ្វើចំណាកស្រុក និងការបិទផ្លូវប្រឆាំងនឹងគុយបា។

លោកបានបន្ថែមថា “វាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រោះវារារាំងប្រជាជន ដែលរស់នៅក្នុងប្រទេសគុយបា ពីការទទួលបានការផ្គត់ផ្គង់ស្បៀងអាហារ ហើយវិធានការបិទផ្លូវទាំងនេះរារាំងពួកគេពីការទទួលបានប្រេង ឥន្ធនៈ និងទំនិញផ្សេងទៀត”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top