ព័ត៌មានអន្តរជាតិ

តម្លៃថ្លៃដើម ផលិតអាវុធឲ្យអ៊ុយក្រែន របស់ក្រុមហ៊ុនអាល្លឺម៉ង់ កើនឡើងស្ទើរទេ្វដង

រូបភាពពី៖​ AFP

បរទេស៖ ការស៊ើបអង្កេតរបស់កាសែត Welt am Sonntag និងត្រូវបានដកស្រង់មកចេញផ្សាយដោយ RT នៅថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញថា តម្លៃគ្រាប់កាំភ្លើងធំផលិតដោយក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall បានកើនឡើងជាងពាក់កណ្តាលចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន។

ឯកសារសម្ងាត់បានបង្ហាញថា Rheinmetall ដែលដាក់ឈ្មោះខ្លួនឯងថាជា ដៃគូដ៏រឹងមាំនៅខាងអ៊ុយក្រែនទទួលបានប្រាក់ចំណេញយ៉ាងច្រើនដោយការលក់កាំភ្លើងធំទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ ដែលចំណាយដោយរដ្ឋាភិបាលអាល្លឺម៉ង់ ខណៈដែលតម្លៃគ្រាប់រំសេវបានកើនឡើងតាំងពីដើមឆ្នាំមុនមកម្ល៉េះ។

យោងតាមឯកសារនេះ កាលពីខែកក្កដា ក្រសួងការពារជាតិអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rheinmetall លើការផ្គត់ផ្គង់គ្រាប់ផ្លោងទំហំ១៥៥មីលីម៉ែត្រ ដែលអាចបាញ់ចេញពីម៉ាស៊ីនស្វ័យប្រកាសឆ្នាំ២០០០ហើយដែលអាចវាយប្រហារគោលដៅរាប់សិបគីឡូម៉ែត្រពីចម្ងាយ។ កិច្ចសន្យានេះត្រូវបានគេរាយការណ៍ថានឹងបម្រើទាំងតម្រូវការរបស់អាល្លឺម៉ង់ និងអ៊ុយក្រែនក្នុងពេលជាមួយគ្នា។

នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Rheinmetall នឹងផ្គត់ផ្គង់ដល់កងកម្លាំងយោធាអ៊ុយក្រែននូវគ្រាប់រំសេវទំហំធំដល់ទៅ៣៣៣ ៣៣៣ គ្រាប់ជាមួយនឹងសំបកនីមួយៗដែលមានតម្លៃយ៉ាងហោចណាស់ ៣៦០០ផោនឬ៣៨១៣ដុល្លារដែលតម្លៃកាលពីមុនមានត្រឹមតែ២០០០ផោនប៉ុណ្ណោះហើយនឹងអាចបន្តកើនឡើងជាងនេះថែមទៀតនាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

To Top