ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអាមេរិក ចេញមុខព្រមានអ៊ីស្រាអែល

រូបភាពពី៖​ XINHUA

បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានយល់ស្របលើសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារប្រឆាំងនឹង “អំពើហឹង្សា” ដោយក្រុមហាម៉ាស ប៉ុន្តែលោកក៏បានព្រមានទីក្រុងហ្សេរុយសាឡឹមខាងលិចផងដែរថា យុទ្ធសាស្រ្តដែលមិនអើពើនឹងតម្លៃមនុស្ស នឹងហុចផលផ្ទុយមកវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើសារព័ត៌មានអនឡាញ Medium កាលពីថ្ងៃចន្ទ លោក អូបាម៉ា បានគាំទ្រការអំពាវនាវរបស់ប្រធានាធិបតី Joe Biden សម្រាប់សហរដ្ឋអាមេរិកឱ្យ “គាំទ្រសម្ព័ន្ធមិត្តដ៏យូររបស់យើងក្នុងការតាមចាប់ក្រុម ហាម៉ាស រុះរើសមត្ថភាពយោធារបស់ក្រុមនេះ” និងដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា។

ទោះជាយ៉ាងណាក៏ដោយ លោកអូបាម៉ាបានអះអាងថា វាជារឿងសំខាន់ដែលយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល “គោរពតាមច្បាប់អន្តរជាតិ” និងកាត់បន្ថយការស្លាប់ និងការឈឺចាប់របស់ជនស៊ីវិល។ មិនត្រឹមតែដោយសារតែវា “ត្រឹមត្រូវខាងសីលធម៌ និងឆ្លុះបញ្ចាំងពីជំនឿរបស់យើងចំពោះតម្លៃនៃជីវិតមនុស្សគ្រប់រូប” ប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែវា “មានសារៈសំខាន់សម្រាប់ការកសាងសម្ព័ន្ធភាព និងការបង្កើតមតិអន្តរជាតិ ដែលទាំងអស់នេះមានសារៈសំខាន់សម្រាប់សន្តិសុខរយៈពេលវែងរបស់អ៊ីស្រាអែល”។

ដោយបានចង្អុលបង្ហាញថា ប្រជាជនប៉ាឡេស្ទីន រាប់ពាន់នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងរាប់ម៉ឺននាក់បានភៀសខ្លួន ដោយលោកអូបាម៉ាបានអះអាងថា ការបង្រ្កាបលើតំបន់ហ្គាហ្សាអាច “ពង្រឹងឥរិយាបទរបស់ប៉ាឡេស្ទីនបន្ថែមទៀតជាច្រើនជំនាន់ ហើយជាការបំផ្លាញការគាំទ្រជាសកលសម្រាប់អ៊ីស្រាអែល, ហុចប្រយោជន៍ទៅឱ្យសត្រូវរបស់អ៊ីស្រាអែល និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង” ដើម្បីសម្រេចបានសន្តិភាព៕ ប្រែសម្រួលៈ ណៃ តុលា

To Top