ព័ត៌មានអន្តរជាតិ

Update៖ ជំនួយមនុស្សធម៌ជាច្រើន តាមជើងហោះហើរ សម្រាប់ផ្តល់ដល់តំបន់ហ្គាហ្សា បានចុះចតនៅទឹកដីអេហ្ស៊ីប

ប្រភព ៖ Xinhua

គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា យន្តហោះជាច្រើនគ្រឿង ដែលដឹកជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ដែលបានហែកហួរដោយសារសង្រ្គាម បានធ្វើការចុះចតនៅឯអាកាសយានដ្ឋាន al-Arish របស់ប្រទេសអេហ្ស៊ីប នៅក្នុងខេត្ត Sinai ខាងជើង ។

អឌ្ឍចន្ទក្រហមអេហ្ស៊ីប បានប្រកាសនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា យន្តហោះមកពីប្រទេសអាល់ហ្សេរី គុយវ៉ែត អ៊ីរ៉ាក់ តួកគី និងអារ៉ាប់រួម ហៅកាត់ថា (UAE) បានដឹកជំនួយមនុស្សធម៌ សម្រាប់តំបន់ហ្គាហ្សាស្ទ្រីប បានមកដល់អាកាសយានដ្ឋាន ដែលមានចម្ងាយតិចជាង៥០គីឡូម៉ែត្រ ពីច្រកព្រំដែន Rafa នោះទេ ។

យោងតាមគេហទំព័រព័ត៌មានរដ្ឋ Ahram Gate បានរាយការណ៍មកថា ទន្ទឹមនឹងនេះដែរ សម្រាប់អាកាសយានដ្ឋាន al-Arish ក៏ទទួលបានយន្តហោះរបស់អង្គការ សុខភាពពិភពលោកចំនួន២គ្រឿង ដែលបានដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាផងដែរ ។

លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសតួកគី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសតួកគី បានបញ្ជូនយន្តហោះដឹកទំនិញ២គ្រឿង ទៅកាន់ប្រទេសអេហ្ស៊ីប ដោយបានដឹកឧបករណ៍ និងគ្រឿងបរិក្ខារពេទ្យ សម្រាប់តំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលយន្តហោះ២គ្រឿងទៀត នឹងត្រូវបញ្ជូនទៅជាមួយនឹង ការផ្គត់ផ្គង់បន្ថែមទៀត ។

លោកបានលើកឡើងទៀតថា យន្តហោះនេះក៏ដឹកក្រុមវេជ្ជបណ្ឌិត ចំនួន២០នាក់ផងដែរ ។

នៅព្រឹកថ្ងៃដដែលនោះ អឌ្ឍចន្ទក្រហមអេហ្ស៊ីប បានប្រកាសថា ខ្លួនបានបញ្ជូនក្បួនជំនួយថ្មីដល់សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន តាមរយៈផ្លូវ Rafah ឆ្លងកាត់រវាងអេហ្ស៊ីប និងតំបន់ហ្គាហ្សា ។

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្លួនបានទទួលក្បួន រថយន្តទី៣ ក្នុងចំណោមរថយន្តចំនួន២០គ្រឿង ដែលបានដឹកជំនួយមនុស្សធម៌ ដែលមានអាហារ ទឹក ថ្នាំពេទ្យ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តផ្សេងៗទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top