ព័ត៌មានអន្តរជាតិ

Update៖ លោក Zelensky ថ្លែងថា កិច្ចចចារចូលជាសមាជិកភាព EU ជាចំណុចអាទិភាពបំផុត សម្រាប់អ៊ុយក្រែន

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ការចាប់ផ្តើមកិច្ចចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប (EU) នៅក្នុងឆ្នាំនេះ គឺជាអាទិភាពបំផុតសម្រាប់ប្រទេសរបស់លោក ។

លោក Zelensky បានថ្លែងថា “សម្រាប់ប្រទេសអ៊ុយក្រែន នេះគឺជាអាទិភាពបំផុត ដើម្បីត្រៀមខ្លួនសម្រាប់ការសម្រេចចិត្តខាងផ្នែកនយោបាយ ដើម្បីចាប់ផ្តើមការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុបនៅក្នុងឆ្នាំនេះ” ។ លោក Zelensky បានថ្លែងដូច្នេះនៅគ្រាដែលបានចូលរួមក្នុងកិច្ចប្រជុំរបស់មហាវិទ្យាល័យ នៃគណៈកម្មការអឺរ៉ុប តាមរយៈតំណភ្ជាប់វីដេអូ ។

លោក Zelensky បានថ្លែងថា នាពេលបច្ចុប្បន្ននេះ អ៊ុយក្រែនកំពុងអនុវត្តអនុសាសន៍ចំនួន៧របស់គណៈកម្មការអឺរ៉ុបឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីអនុញ្ញាតឱ្យមានការសម្រេចចិត្តខាងផ្នែកនយោបាយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចរចាសមាជិកភាព ។

លោកបានកត់សម្គាល់ឲ្យដឹងថា ជាពិសេសអ៊ុយក្រែន កំពុងអនុវត្តកំណែទម្រង់យុត្តិធម៌រដ្ឋធម្មនុញ្ញ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ ។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរបានសម្តែង ការគាំទ្ររបស់លោកស្រីចំពោះការចូលជាសមាជិកសហភាពអឺរ៉ុប របស់ប្រទេសអ៊ុយក្រែន ។

គួររំលឹកថា នៅខែមិថុនាឆ្នាំ២០២២ មេដឹកនាំសហភាពអឺរ៉ុប បានទទួលយកអ៊ុយក្រែន ជាបេក្ខជនសម្រាប់សមាជិកភាពនៅក្នុងប្លុកនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top