ព័ត៌មានអន្តរជាតិ

យោធាអាមេរិកថា យន្តហោះចម្បាំងចិន ហោះឆាបពីមុខ ពីក្រោមយន្តហោះ B-52របស់ខ្លួន ត្រឹមចម្ងាយជាង៣ម៉ែត្រ

រូបភាពពី៖​ U.S Airforce

បរទេស៖ យោធាអាមេរិក បាននិយាយថា យន្តហោះចម្បាំងរបស់ចិនមួយគ្រឿងបានហោះចូលមកជិតក្នុងចម្ងាយ ១០ហ្វីត ប្រហែលជាង៣ម៉ែត្រ ពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកដែលកំពុងហោះហើរលើសមុទ្រចិនខាងត្បូង ដែលវាស្ទើរតែបណ្តាលឱ្យមានឧបទ្ទវហេតុកើតឡើង ដោយយោធាអាមេរិកបានបញ្ជាក់ពីសក្តានុពលនៃឧប្បត្តិហេតុ ខណៈដែលប្រទេសទាំងពីរកំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការហោះស្ទាក់ពេលយប់ យន្តហោះចម្បាំងម៉ាស៊ីនភ្លោះ Shenyang J-11 បានហោះមកជិតនឹងយន្តហោះរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកក្នុង “ល្បឿនហួសកម្រិតដែលមិនអាចគ្រប់គ្រងបាន ដោយហោះហើរពីខាងក្រោម ពីមុខ និងក្នុងចម្ងាយត្រឹមតែ ១០ហ្វីតពីយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលធ្វើឱ្យយន្តហោះទាំងពីរស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ស្ទើរតែប៉ះគ្នា។
នេះបើតាមទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

យោធាអាមេរិកបាននិយាយថា “យើងព្រួយបារម្ភពីអ្នកបើកយន្តហោះនេះមិនដឹងថាគាត់ហោះមកជិតដល់កម្រិតណា ទើបបណ្តាលឱ្យមានការប៉ះទង្គិចគ្នា”។

ចំណែកក្រសួងការបរទេសចិនវិញ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែនៅក្នុងឧប្បត្តិហេតុស្រដៀងគ្នាមួយកាលពីខែឧសភា រដ្ឋាភិបាលចិនបានច្រានចោលការត្អូញត្អែររបស់អាមេរិក និងទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ចប់ការហោះហើរបែបនេះនៅលើសមុទ្រចិនខាងត្បូង។

ប្រទេសចិនបានអះអាងកាន់តែខ្លាំងឡើងក្នុងការជំរុញការទាមទាររបស់ខ្លួនលើតំបន់ភាគច្រើន នៃសមុទ្រចិនខាងត្បូង ជាដែនទឹករបស់ខ្លួន ដែលជាទីតាំងដែលត្រូវបានច្រានចោលដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដែលប្រើប្រាស់មហាសមុទ្រដ៏ធំសម្បើមសម្រាប់ការដឹកជញ្ជូន៕ ប្រែសម្រួលៈ ណៃ តុលា

To Top