ព័ត៌មានអន្តរជាតិ

អាមេរិក និង​ចិន កំពុង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​លោក បៃដិន-ស៊ី នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា

Kyodo

ប៉េកាំង៖ មន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានត្រៀមខ្លួនដើម្បីជួបពិភាក្សាទល់មុខជាមួយសមភាគីចិនលោក ស៊ី ជីនពីប នៅទីក្រុង San Francisco នៅពាក់កណ្តាលខែវិច្ឆិកា បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយលោក វ៉ាង យី អ្នកការទូតកំពូលរបស់ប្រទេសចិន។

មន្ត្រីនៃរដ្ឋបាលលោក បៃដិន បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកបានយល់ព្រមជាមួយលោក វ៉ាង យី នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការឆ្ពោះទៅរកកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតីទាំងពីរ នៅខាងក្រៅនៃកិច្ចប្រជុំមេដឹកនាំឆ្នាំនេះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។

មន្ត្រីម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយលើកឡើងថា ការលើកឡើងជាសាធារណៈរបស់រដ្ឋបាលសហរដ្ឋអាមេរិក មានបំណង ដើម្បីប្រុងប្រយ័ត្ន ដូចដែលទីក្រុងប៉េកាំងបានឲ្យដឹងថា “ខ្ញុំនឹងទុកវាទៅឱ្យភាគីចិនដើម្បីរកមើលថាតើ និងនៅពេលណា ដែលពួកគេធ្វើសេចក្តីប្រកាសនោះ” ហើយជាប្រពៃណីមិនបញ្ជាក់ពីការធ្វើដំណើររបស់មេដឹកនាំកំពូលរបស់ខ្លួនរហូតដល់នាទីចុងក្រោយ។

លោក បៃដិន ក៏ដូចជារដ្ឋមន្រ្តីការបរទេសលោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិកំពូលលោក Jake Sullivan សុទ្ធតែបានជួបពិភាក្សាដាច់ដោយឡែកជាមួយលោក វ៉ាង យី ដែលជាមន្ត្រីគោលនយោបាយការបរទេសជាន់ខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនិស្តចិន។

សេតវិមានបានឲ្យដឹងថា លោក បៃដិន បានគូសបញ្ជាក់ពីតម្រូវការក្នុងការរក្សាទំនាក់ទំនងបើកចំហរ ដើម្បីគ្រប់គ្រងការប្រកួតប្រជែងខ្លាំងរវាងប្រទេសទាំងពីរ “ប្រកបដោយការទទួលខុសត្រូវ”។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា ជំនួបរបស់លោក បៃដិន ជាមួយលោក វ៉ាង យី មានរយៈពេលប្រហែលមួយម៉ោង ហើយប្រធានាធិបតីអាមេរិកបានចាត់ទុកវាជា “ការអភិវឌ្ឍន៍វិជ្ជមាន និងជាឱកាសល្អ” សម្រាប់ប្រទេសទាំងពីរក្នុងការរក្សាទំនាក់ទំនងកាន់តែកើនឡើង ទោះបីជាមានការខ្វែងគំនិតគ្នាជាច្រើនក៏ដោយ៕

To Top