ព័ត៌មានអន្តរជាតិ

Update៖ ក្រសួងសុខាភិបាល បញ្ជាក់ថា ពលរដ្ឋប៉ាឡេស្ទីន ប្រមាណជាង៨ពាន់នាក់ បានបាត់បង់ជីវិត ដោយសារការវាយប្រហារ ពីដែនអាកាស របស់អ៊ីស្រាអ៊ែល

AFP

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹង កាលពីថ្ងៃចន្ទថា ចំនួនពលរដ្ឋប៉ាឡេស្ទីន ដែលបានស្លាប់ ពីការវាយប្រហារ របស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៨.៣០៦នាក់ហើយ ។

លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងចំណោមជនរងគ្រោះ ទាំងនោះមាន៣.៤៥៧នាក់ជាកុមារ និងចំនួន២.១៣៦នាក់ជាស្ត្រី ។

ទន្ទឹមនឹងនេះដែរ ពលរដ្ឋប៉ាឡេស្ទីនចំនួន២១.០៤៨នាក់ បានរងរបួសដោយសារការ វាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល ដែលកំពុងបន្តកើតឡើង ។

ក្រសួងដដែលបានឲ្យដឹងថា មន្ទីរពេទ្យចំនួន២៥កន្លែង ត្រូវបានបង្ខំឱ្យផ្អាកសេវាកម្មដោយសារ តែការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអ៊ែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប ហើយរថយន្តសង្គ្រោះចំនួន២៥គ្រឿង ត្រូវបានបញ្ជូនទៅកាន់គោលដៅនានា ។

លោក Al-Qedra បានលើកឡើងថា មិនមានឈាមគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះពលរដ្ឋប៉ាឡេស្ទីនដែលរងរបួសនោះទេ ហើយបានអំពាវនាវឱ្យពលរដ្ឋរស់នៅតំបន់ហ្គាហ្សាទៅមន្ទីរពេទ្យដើម្បីបរិច្ចាគឈាម ។

គួរបញ្ជាក់ថា ការវាយប្រហារ របស់អ៊ីស្រាអ៊ែល ត្រូវបានធ្វើឡើង ក្រោយ ពីមានការវាយប្រហារ ជាទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាសទៅលើគោលដៅ និងទីប្រជុំជនយោធា អ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោច ណាស់១.៤០០នាក់នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ។

បើយោងតាមការលើកឡើង របស់កងកម្លាំង ការពារអ៊ីស្រាអ៊ែល បានឱ្យដឹងថា ចំណាប់ខ្មាំងសរុបមានចំនួន២៣៩នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងអំឡុងពេលនៃការវាយប្រហារ របស់ក្រុមហាម៉ាស ហើយភាគច្រើនជាជនស៊ីវិល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top