ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន នាំចេញស្បៀងអាហារជាង៤លានតោន តាមផ្លូវរួមគ្នា របស់សហភាពអឺរ៉ុប

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអង្គារថា គិតនៅក្នុងខែកញ្ញា ប្រទេសអ៊ុយក្រែន បាននាំចេញស្បៀងអាហារចំនួន៤,២លានតោន តាមរយៈ “ផ្លូវរួមគ្នា” របស់សហភាពអឺរ៉ុប ហៅកាត់ថា (EU) ។

លោក Stefan de Keersmaecker អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប ត្រូវបានដកស្រង់សម្តីដែលបានលើកឡើងថា គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២២ ប្រទេសអ៊ុយក្រែន បានផ្គត់ផ្គង់ទំនិញចំនួន១០២លានតោន រួមទាំងគ្រឿងឧបភោគបរិភោគចំនួន៥៦លានតោននៅក្រៅប្រទេស តាមរយៈ “ផ្លូវរួមគ្នា” ។

លោកបានឲ្យដឹងទៀតថា “ផ្លូវរួមគ្នានៅតែជាធាតុដ៏សំខាន់សម្រាប់សម្រួលដល់ការដឹកជញ្ជូនទំនិញទាំងនេះ”។

នៅក្នុងខែឧសភា ឆ្នាំ២០២២ សហភាពអឺរ៉ុប បានបង្កើតផ្លូវដឹកជញ្ជូនជំនួសសម្រាប់ការនាំចេញរបស់ប្រទេសអ៊ុយក្រែន តាម រយៈផ្លូវដែក ផ្លូវថ្នល់ និងផ្លូវទឹកដែលត្រូវបានគេស្គាល់ថា ជា “ផ្លូវរួមគ្នា” ដើម្បីឆ្លើយតបទៅនឹងការបិទច្រកកំពង់ផែសមុទ្រអ៊ុយក្រែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top