ព័ត៌មានអន្តរជាតិ

អង្គការលើកលែងទោស អំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម លើការបញ្ជូនអាវុធ ទាំងឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស

រូបភាព៖ Afp

បរទេស៖ សាខារបស់អង្គការលើកលែងទោសអន្តរជាតិសម្រាប់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង បានអំពាវនាវកាលពីថ្ងៃពុធ សម្រាប់ការដាក់ទណ្ឌកម្មលើការចែកចាយសព្វាវុធ ទាំងដល់អ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹថា អង្គការ Amnesty MENA បាននិយាយនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ថា “យើងបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើការចែកចាយអាវុធលើគ្រប់ភាគីនៃជម្លោះនៅក្នុង [ទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ដោយអ៊ីស្រាអែល]” ។

ក្រុមនេះបានគាំទ្រការធ្វើកូដកម្មរបស់សហជីពចំនួនបួនរបស់បែលហ្ស៊ិក ដែលត្រូវបានគេរាយការណ៍ថា “រារាំងការផ្ទេរអាវុធទៅឱ្យអ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការវាយប្រហារខុសច្បាប់ដែលកំពុងបន្ត” ដែលបានសម្លាប់ និងធ្វើឱ្យជនស៊ីវិលរាប់ពាន់នាក់រងរបួសនៅក្នុងតំបន់ហ្គាហ្សា។

អមជាមួយការបង្ហោះគឺជាការអំពាវនាវដោយសហជីពបែលហ្ស៊ិកចំនួនបួន គឺរួមមាន FGTB, ACV, CSC, និង BBTK/SETCa – ដើម្បី “បដិសេធការចាត់ចែងការផ្គត់ផ្គង់យោធាដែលប្រើដោយសង្រ្គាមនៅប៉ាឡេស្ទីន” ។

សូមជម្រាបថា ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមបញ្ជូនគ្រាប់រំសេវ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត សម្រាប់អ៊ីស្រាអែលភ្លាមៗបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ដែលទីក្រុងហ្សេរុយសាឡឹមខាងលិចបាននិយាយថាបានឆក់យកជីវិតជនជាតិអ៊ីស្រាអែលចំនួន ១.៤០០ នាក់ និង ២០០ នាក់ទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង។ សេតវិមាន អាមេរិក ក៏បានស្នើសុំសភាឱ្យអនុម័តជំនួយចំនួន ១៤ ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ីស្រាអែលផងដែរ ប៉ុន្តែនៅតែមិនទាន់មានការសម្រេច៕

ប្រែសម្រួលៈ ណៃ តុលា

To Top