ព័ត៌មានអន្តរជាតិ

ព្រឹកថ្ងៃទី២ នៃដំណើរការប្រឡងបាក់ឌុប ប្រព្រឹត្តដោយរលូន ខណៈបេក្ខជនអវត្តមានជាង ២ពាន់នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ព្រឹកថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានប្រព្រឹត្តទៅដោយរលូនល្អ ហើយមានបេក្ខជនអវត្តមានចំនួន ២ ២៧៥នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៧ វិច្ឆិកា នេះ ថា ដំណើរការសំណេរ នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ពេលព្រឹកមានពីរមុខវិជ្ជាគឺ អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួងបញ្ជាក់ថា «សរុបព្រឹកថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនអវត្តមានចំនួន ២ ២៧៥នាក់ ស្រី ៩២៤នាក់ (ក្នុងនោះបេក្ខជនស្វៃរិន ១ ៨០៤នាក់ ស្រី៧៤៩នាក់) ស្មើនឹង ១,៦៦ភាគរយ មានបញ្ហាសុខភាព ៨១ករណី ដែលក្នុងនោះបេក្ខជនមានបញ្ហាសុខភាពមិនអាច បន្តការប្រឡងបានមានចំនួន០៤ករណីក្រៅ ពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតា ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីអាការបានធូរស្រាល»។

ក្រសួង ជំរុញលើកទឹកចិត្តបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពបានល្អ សម្រាក និងបរិភោគអាហារបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួង ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

To Top