ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូល G7 អំពាវនាវឲ្យមានការជំរុញ ផ្នែកមនុស្សធម៌ ក្នុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស

Kyodo

តូក្យូ៖ អ្នកការទូតកំពូលរបស់ជប៉ុនបាននិយាយថា ក្រុមរដ្ឋមន្ត្រីការបរទេសទាំងប្រាំពីរ បានព្រមព្រៀងគ្នា ដើម្បីអំពាវនាវឱ្យមានការផ្អាកនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដូច្នេះការផ្គត់ផ្គង់មនុស្សធម៌អាចត្រូវបានបញ្ជូនទៅតំបន់ហ្គាហ្សាស្ទ្រីប។

រដ្ឋមន្ត្រីការបរទេស ជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹងនៅក្នុងសន្និសីទ កាសែតបញ្ចប់ បន្ទាប់ពីកិច្ច ប្រជុំរយៈពេលពីរថ្ងៃ របស់ពួកគេនៅទីក្រុងតូក្យូ សមាជិក G7 បានបញ្ជាក់ពីតម្រូវការសម្រាប់ “សកម្មភាពបន្ទាន់ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌” នៅក្នុងតំបន់ប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

លោកស្រី Kamikawa បានលើកឡើងថា ខណៈដែលមានការថ្កោលទោសជាថ្មី ចំពោះការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា ទៅលើអ៊ីស្រាអែល ក្រុម G7 ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុលោមតាមច្បាប់ មនុស្សធម៌អន្តរជាតិក្នុងអំឡុងពេលជម្លោះ ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ។

យោធាអ៊ីស្រាអែល បានពង្រីកប្រតិបត្តិការផ្លូវអាកាស និងជើងគោករបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា បើទោះបីជាមានការអំពាវ នាវកាន់តែខ្លាំងឡើង ពីសហគមន៍អន្តរជាតិសម្រាប់បទឈប់បាញ់មនុស្សធម៌ក៏ដោយ។ សង្គ្រាម​បាន​សម្លាប់​មនុស្ស​ជាង ១០,០០០​នាក់​នៅ​ហ្គា​ហ្សា និង​ជាង​១,៤០០​នាក់​នៅ​អ៊ីស្រាអែល​។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រី G7 បដិសេធមិនរិះគន់ការសងសឹក ទ្រង់ទ្រាយធំដោយអ៊ីស្រាអែល ដែលត្រូវបានគាំទ្រជាយូរមក ហើយដោយសហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top