ព័ត៌មានអន្តរជាតិ

ប្រជាជន​ប៉ាឡេស្ទីន​ កន្លះ​លាន​នាក់​ទៀត នឹង​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ប្រសិនបើ​សង្រ្គាម​នៅ​ហ្គាហ្សា​ បន្ត​រយៈពេល​មួយ​ខែ​ទៀត

Xinhua

យូអិន៖ របាយការណ៍របស់អង្គការ សហប្រជាជាតិបានព្រមានថា អត្រានៃភាពក្រីក្រនៅប៉ាឡេស្ទីន នឹងកើនឡើងដល់ទៅ ៣៤ភាគរយ ដែលជំរុញឱ្យមនុស្សជិតកន្លះលាននាក់ ចូលទៅក្នុងភាពក្រីក្រ ប្រសិនបើសង្គ្រាមនៅហ្គាហ្សា នៅតែបន្តរយៈពេលមួយខែទៀត។

នៅក្នុងសេណារីយ៉ូបែបនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប៉ាឡេស្ទីននឹងធ្លាក់ចុះ ៨,៤ ភាគរយ ដែលជាការខាតបង់ចំនួន ១,៧ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការប៉ាន់ស្មានដំបូង ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ីខាងលិច (ESCWA)។ )

ទីភ្នាក់ងារទាំងពីរនៅក្នុងរបាយការណ៍ របស់ពួកគេស្តីពីផលប៉ះពាល់ សេដ្ឋកិច្ចសង្គមនៃសង្រ្គាមហ្គាហ្សា លើប៉ាឡេស្ទីន វាត្រូវបានគេប៉ាន់ស្មានថា នៅពេលដែលសង្រ្គាមឈានដល់សញ្ញាមួយខែ ភាពក្រីក្របានកើនឡើង ២០ ភាគរយ ហើយកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ៤,២ ភាគរយ។

ការវាយតម្លៃនេះក៏គូសបញ្ជាក់ផងដែរថា អង្គការពលកម្មអន្តរជាតិប៉ាន់ប្រមាណថា ការងារចំនួន ៣៩ម៉ឺនកន្លែងត្រូវបានបាត់បង់រួចហើយ នៅក្នុងខែដំបូងនៃសង្រ្គាម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

យោងតាមការព្យាករ ខែទី៣ នៃសង្រ្គាមនឹងឃើញភាពក្រីក្រកើនឡើងជិត ៤៥ភាគរយ ដែលបង្កើនចំនួនមនុស្សបន្ថែម ដែលរុញចូលទៅក្នុងភាពក្រីក្រដល់ជាង ៦៦ម៉ឺននាក់ ខណៈដែល GDP នឹងធ្លាក់ចុះ ១២,២ភាគរយ ជាមួយនឹងការខាតបង់សរុបចំនួន ២,៥ពាន់លានដុល្លារ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top