ព័ត៌មានអន្តរជាតិ

ពលរដ្ឋរាប់រយនាក់ បាត់បង់ជីវិត នៅក្នុងពេលប៉ះទង្គិចគ្នា ដោយអំពើហិង្សា នៅភាគខាងលិចស៊ូដង់

ប្រភព ៖ AFP

KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការ អន្តរជាតិ និងក្នុងស្រុកបានឲ្យដឹងថា រដ្ឋ West Darfur ដែលស្ថិតនៅភាគខាងលិច នៃប្រទេសស៊ូដង់ បាននិងកំពុងឃើញ មានការប៉ះទង្គិចគ្នា ដោយអំពើហិង្សា ដោយមនុស្សរាប់រយនាក់ ត្រូវបានគេរាយការណ៍មកថា ត្រូវបានសម្លាប់ និងការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ ។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ថា (IOM) បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ពលរដ្ឋប្រហែល៧០០នាក់ ត្រូវបានគេរាយការណ៍ថា មានមនុស្សចំនួន១០០នាក់បានរងរបួស និង៣០០ នាក់ផ្សេងទៀត បានបាត់ខ្លួននៅក្នុងរដ្ឋ West Darfur បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ (RSF) នៅ El Geneina នៅថ្ងៃទី៤ និងទី៥ ខែវិច្ឆិកាកន្លងទៅនេះ ។

បើតាមរបាយការណ៍ផ្សេងទៀត បានបង្ហាញអំពីចំនួនខុសគ្នានៃអ្នកស្លាប់ និងអ្នករងរបួសនៅរដ្ឋរបស់ស៊ូដង់ ។

អង្គការ Al-Juzoor សម្រាប់សិទ្ធិមនុស្ស ដែលជាអង្គការ ក្នុងស្រុកការពារសិទ្ធិមនុស្ស បានបង្ហាញឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស១.៣០០នាក់ ត្រូវបានសម្លាប់ និងជាង២.០០០នាក់បានរង របួសនៅក្នុងតំបន់ Ardamata ក្នុង El Geneina ខណៈដែលក្រុមបដិវត្តន៍រដ្ឋ West Darfur ដែលជាក្រុមសិទ្ធិមនុស្សស៊ីវិលកាលពីថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកស្លាប់ប្រហែល ២.០០០នាក់ និងរងរបួសចំនួន៣.០០០នាក់ ។

កាលពីថ្ងៃព្រហស្បតិ៍ បេសកកម្មជំនួយអន្តរកាលរួម របស់អង្គការសហប្រជាជាតិនៅស៊ូដង់ (UNITAMS) បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ខ្លួនបានទទួលរបាយការណ៍ គួរឱ្យព្រួយបារម្ភពីប្រភពជាច្រើន ដែលអាចទុកចិត្តបានថាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា បន្ទាប់ពីការកាន់ កាប់របស់កងកម្លាំង RSF និងមូលដ្ឋាន នៃកងពលថ្មើរជើងទី១៥របស់ កងទ័ព SAF កងជីវពលអារ៉ាប់ ដែលមានសម្ព័ន្ធមិត្តជាមួយ RSF បានប្រព្រឹត្តការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងសង្កាត់ Ardamata នៃតំបន់ El Geneina ។

បើតាម UNITAMS បានឲ្យដឹងថា របាយការណ៍បង្ហាញថា កងជីវពលអារ៉ាប់បានសម្លាប់ ជនស៊ីវិលអស់ជាច្រើននាក់ និងធ្វើឲ្យរងរបួសជាច្រើននាក់ទៀត នៅក្នុងសហគមន៍ Massalit ដោយបានបន្ថែមថា មន្ត្រីសិទ្ធិមនុស្សកំពុងផ្ទៀងផ្ទាត់ របាយការណ៍ទាំងនេះឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top