ព័ត៌មានអន្តរជាតិ

ការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះអ៊ីស្រាអែល បានជំរុញឱ្យរដ្ឋ នៅអារ៉ាប់មានកំហឹង

ប្រភព ៖ AFP

បរទេស ៖ បើតាមខ្សែបណ្តាញការ ទូតទទួលបានដោយ CNN គឺថា អ្នកការទូតអាមេរិកម្នាក់ បានព្រមានរដ្ឋបាលលោក Biden ថា ការបន្តគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ ហ្គាហ្សា គឺ កំពុងបង្កកំហឹងនៅក្នុងពិភពអារ៉ាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា បណ្តាញព័ត៌មានបានរាយការណ៍កាលពីថ្ងៃសុក្រថា ខ្សែបណ្តាញនេះ បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភ ផ្នែកការទូត របស់សហរដ្ឋអាមេរិក ចំពោះការកើនឡើង អំពីការមិនសប្បាយចិត្ត របស់បណ្តាប្រទេស អារ៉ាប់នៅមជ្ឈិមបូព៌ា ជុំវិញការយល់ព្រមរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ក្នុងការសងសឹក ចំពោះការវាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី ៧ ខែតុលារបស់ពួកហាម៉ាស។

យោងតាមទូរទស្សន៍ CNN បានឱ្យដឹងថា ខ្សែបណ្តាញដែលទទួលដោយសេតវិមានកាលពីថ្ងៃពុធ ពីស្ថានទូតរបស់ខ្លួននៅអូម៉ង់ បានឱ្យដឹងថា “យើងកំពុងបាត់បង់យ៉ាងធ្ងន់ធ្ងរ លើសមរភូមិការផ្ញើសារ” និងបានបន្ថែមថាការសន្និដ្ឋានគឺបានមកពីការសន្ទនាជាមួយនឹង “ផ្នែកដ៏ធំទូលាយ នៃទំនាក់ទំនង ដែលគួរឱ្យទុកចិត្តនិងមានស្មារតីប្រុងប្រយ័ត្ន”។

តួរលេខនៅក្នុងពិភពអារ៉ាប់ចាត់ទុកការគាំទ្ររបស់រដ្ឋបាល Biden ចំពោះការឡោមព័ទ្ធដែលមិនធ្លាប់មានពីមុនមករបស់អ៊ីស្រាអែល នៃតំបន់ឆ្នេរ ហ្គាហ្សា ថាជា “ទំនួលខុសត្រូវខាងសម្ភារៈ និងសីលធម៌នៅក្នុងអ្វី ដែលពួកគេចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន”។

ការទំនាក់ទំនងការទូតមួយទៀតដែល CNN មើលឃើញ ដោយលើកនេះ ពីស្ថានទូតអាមេរិកនៅទីក្រុងគែរ បានព្រមានមន្ត្រីអាមេរិក ពីការផ្សព្វផ្សាយនៅក្នុងកាសែត រដ្ឋរបស់អេហ្ស៊ីប ដែលបាននិយាយថា “ភាពឃោរឃៅ និងការមិនយកចិត្តទុកដាក់របស់ប្រធានាធិបតី Biden ចំពោះប៉ាឡេស្ទីន លើសពីប្រធានាធិបតី អាមេរិកមុនៗទាំងអស់” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top