គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការបង្ហូរឈាមនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Sisi បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអារ៉ាប់-អ៊ីស្លាមដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងស្លាប់នាពេលបច្ចុប្បន្នលើតំបន់ឆ្នេរប៉ាឡេស្ទីន។
ប្រធានាធិបតីអេហ្ស៊ីប បានប្រាប់កិច្ចប្រជុំកំពូលដែលមានការចូលរួមដោយមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសអារ៉ាប់រាប់សិបនាក់ថា “អេហ្ស៊ីបបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងផលវិបាកនៃគោលនយោបាយឯកតោភាគី ហើយវាបានព្រមាននៅពេលនេះថា ការបរាជ័យក្នុងការបញ្ឈប់សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាបង្ហាញពីការពង្រីកការប្រឈមមុខដាក់គ្នាផ្នែកយោធានៅក្នុងតំបន់ និងបណ្តាប្រទេសមូស្លីម រួមមាន ប៉ាឡេស្ទីន កាតា ហ្ស៊កដានី តួកគី អ៊ីរ៉ង់ និងប៉ាគីស្ថាន។
រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីនលោក Mai Al-Kaila បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១១,០០០នាក់ ក្នុងនោះមានកុមារជាង ៤,៥០០នាក់ និងស្ត្រីចំនួន ៣,០០០នាក់ និងរបួសជាង ២៧,០០០នាក់ផ្សេងទៀត។
ការកើនឡើងរបស់អ៊ីស្រាអែល បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដ៏ធំមួយដែលធ្វើឡើងដោយចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមតួលេខ ដែលបានកែសម្រួល ដែលបានប្រកាសដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលលោក Lior Haiat កាលពីថ្ងៃសៅរ៍ ដោយក្រុមហាម៉ាស់ ក៏បានចាប់មនុស្សជាង ២០០ នាក់ទៅកាន់ហ្គាហ្សាធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងពេលនៃការវាយប្រហារ៕
ប្រែសម្រួល ឈូក បូរ៉ា