ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ អញ្ជើញប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មកទស្សនកិច្ចនៅប្រទេសថៃ

Photo: Government House

បរទេស៖ នាយករដ្ឋមន្រ្តីរបស់ថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា លោកបានអញ្ជើញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មកបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយលោកបន្ថែមថា មេដឹកនាំអាជីវកម្មអាមេរិកល្បីៗមួយចំនួន មានបំណងចង់វិនិយោគ នៅក្នុងប្រទេសថៃទៀតផង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ សេដ្ឋា ថាវីស៊ីន លើកឡើងកាលពីថ្ងៃអាទិត្យថា លោកបានអញ្ជើញលោក ចូ បៃដិន បន្ទាប់ពីអាហារពេលល្ងាចដែលរៀបចំ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់មេដឹកនាំប្រទេស និងអ្នកចូលរួមនៅថ្ងៃចុងក្រោយនៃ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ។

លោក សេដ្ឋា ថាវីស៊ីន បានបន្តថា លោកមានការអភិរក្សជាយូរមកហើយ ជាមួយលោក ចូ បៃដិន ជុំវិញអាហារពេលល្ងាច ហើយបានធានាដល់លោកថា ប្រទេសថៃត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាមូលដ្ឋានផលិតកម្ម សម្រាប់ក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក។

លោកបាននិយាយថា លោកបានអញ្ជើញលោក ចូ បៃដិន ឱ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ។

សូមជម្រាបថា លោក បារ៉ាក់ អូបាម៉ា គឺជាប្រធានាធិបតីអាមេរិកចុងក្រោយ ដែលមកបំពេញទស្សនកិច្ចនៅប្រទេសនេះ នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០១២។

បើតាមលោក សេដ្ឋា ថាវីស៊ីន បានបន្ថែមថា “ខ្ញុំបានជួបក្រុមហ៊ុនធំៗ ជាច្រើននៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុនភាគច្រើនចាប់អារម្មណ៍ ក្នុងការវិនិយោគនៅក្នុងប្រទេសថៃ ដូចជាក្រុមហ៊ុន Tesla ដែលមានបំណងចង់បង្កើតមូលដ្ឋាន ផលិតកម្មសម្រាប់រថយន្តអគ្គិសនី [នៅទីនេះ]។ នៅសប្តាហ៍ក្រោយ នាយកប្រតិបត្តិមួយចំនួន នឹងហោះហើរមកប្រទេសថៃ ដើម្បីពិនិត្យទីតាំងសក្តានុពល សម្រាប់រោងចក្រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top