ព័ត៌មានអន្តរជាតិ

Update ៖ អាល្លឺម៉ង់ ប្រកាសផ្តល់ជំនួយយោធាថ្មី ដល់អ៊ុយក្រែន គិតជាទឹកប្រាក់ជាង១,៣ពាន់លានអឺរ៉ូ

ប្រភព ៖ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាល អ៊ុយក្រែន បានរាយការណ៍មកថា ការបំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ អាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃអង្គារ បានប្រកាសថា កញ្ចប់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែនមានតម្លៃ១,៣ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល១,៤២ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។

លោក Pistorius បានថ្លែងដូច្នេះនៅក្នុងអំឡុងសន្និសីទ សារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន Rustem Umerov ថា “កញ្ចប់នេះបូករួមបញ្ចូលទាំងប្រព័ន្ធការពារអាកាស IRIS-T SLM ចំនួន៤បន្ថែមទៀត គ្រាប់ផ្លោង១៥៥មីលីម៉ែត្រ និងគ្រាប់មីនប្រឆាំងរថពាសដែក” ។

លោក Pistorius បានថ្លែងថា នៅឆ្នាំ២០២៤ដល់២០២៥ ប្រទេសអាល្លឺម៉ង់ នឹងផ្តល់គ្រាប់រំសេវសរុបចំនួន១៦០.០០០ គ្រាប់ដល់អ៊ុយក្រែន ហើយលោក Pistorius ក៏បានសន្យាថា នឹងគាំទ្រដល់ក្រុងគៀវ ជាមួយនឹងមធ្យោបាយការពារ ដែនអាកាសផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានអំពី ថាតើ អ៊ុយក្រែនអាចទទួលបានមីស៊ីលដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយ Taurus ពីប្រទេសអាល្លឺម៉ង់នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top