ព័ត៌មានអន្តរជាតិ

Update: បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមានពិតមែន

RT News

បរទេស៖ កងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសបានព្រមព្រៀងគ្នាបញ្ឈប់អរិភាពជាបណ្ដោះអាសន្នចាប់ពីម៉ោង ៧ ព្រឹកម៉ោងក្នុងតំបន់កាលពីព្រឹកថ្ងៃសុក្រនេះ។ រថយន្តដឹកជំនួយរាប់រយគ្រឿង បានត្រៀមរួចជាស្រេច ដើម្បីធ្វើដំណើរចូលទៅក្នុងក្របខណ្ឌ ប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាម ខណៈដែលចំណាប់ខ្មាំងដំបូងគេគ្រោង នឹងដោះលែងនៅពេលក្រោយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា មិនទាន់មានការបញ្ជាក់ជាផ្លូវការពីកងកម្លាំង ការពារអ៊ីស្រាអែល (IDF) ឬក្រុមហាម៉ាសថា ការប្រយុទ្ធគ្នាបានឈានដល់ការបញ្ឈប់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកឆ្លើយឆ្លងព័ត៌មាន របស់សារព័ត៌មាន Al Jazeera នៅភាគខាងត្បូង Gaza បានអះអាងថា បទឈប់បាញ់ពិតជាបានចាប់ផ្តើម ហើយការវាយប្រហារបានផ្អាកមែន ។ អ្នកឆ្លើយឆ្លងព័ត៌មាន របស់សារព័ត៌មានរូបនេះ បាននិយាយថា “យើងកំពុងឃើញភាពស្ងប់ស្ងាត់ដែលទាក់ទងគ្នា ដែលមើលឃើញកាន់តែច្បាស់ជាបណ្តើរៗ ដោយសារមានការបញ្ឈប់ទាំងស្រុង នៃយន្តហោះចម្បាំង ដែលកំពុងហោះហើរ លើតំបន់ហ្គាហ្សាស្ទ្រីប” ។

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ការព្រមានអំពីគ្រាប់រ៉ុក្កែតត្រូវបានធ្វើឱ្យសកម្មនៅក្នុងសហគមន៍អ៊ីស្រាអែល Kissufim និង Ein Hashlosha នៅជិតព្រំដែនជាមួយ Gaza រយៈពេល ១៥ នាទីបន្ទាប់ពីបទឈប់បាញ់ត្រូវបានគេសន្មត់ថាចាប់ផ្តើម។

យោធាអ៊ីស្រាអែលបានបញ្ឈប់ការហោះហើរនៅលើតំបន់ហ្កាហ្សា ដោយព្រមានអ្នកស្រុកមិនឲ្យត្រឡប់ទៅផ្ទះពួកគេវិញនៅភាគខាងជើងនៃតំបន់ជុំវិញ ក្នុងពេលមានបទឈប់បាញ់ ។ អ្នកនាំពាក្យប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់របស់ IDF លោក Avichay Adraee ក៏បានថ្លែងទៅកាន់ប្រជាជន ប៉ាឡេស្ទីននៅ លើប្រព័ន្ធផ្សព្វផ្សាយ សង្គមផងដែរ ដោយនិយាយថា ទោះបីជាមានបទឈប់បាញ់ក៏ដោយ “សង្រ្គាមមិនទាន់ចប់នៅឡើយទេ។ ការផ្អាកដើម្បីមនុស្សធម៌ ធ្វើឡើងជាបណ្តោះអាសន្ន ។ តំបន់ហ្គាហ្សាភាគខាងជើង គឺជាតំបន់សង្រ្គាមដ៏គ្រោះថ្នាក់ ហើយវាត្រូវបានហាមឃាត់ មិនឱ្យផ្លាស់ទីទៅភាគខាងជើង» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top