ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចិន និងជប៉ុន បើកកិច្ចពិភាក្សាការទូត នៅទីក្រុងប៊ូសាន

Kyodo

ប៊ូសាន៖ កូរ៉េខាងត្បូង បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួននឹង ជួបជាមួយសមភាគីជប៉ុន និងចិននៅទីក្រុងកំពង់ផែប៊ូសាន នៅថ្ងៃអាទិត្យ ដោយកំណត់ដំណាក់កាល សម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំ ប្រទេសលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ។

ការប្រកាសកាលពីថ្ងៃសុក្រ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសត្រីភាគី បានកើតឡើងចំពេលមានការរអាក់រអួល ក្នុងទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង ដែលជាប់គាំងជាយូរមកហើយ ដោយបញ្ហាសង្រ្គាម ខណៈដែលទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ដែលជាសម្ព័ន្ធមិត្តសន្តិសុខ របស់សហរដ្ឋអាមេរិកទាំងពីរនៅតែមានភាពតានតឹង។

ប្រទេសទាំងបីបានបើកកិច្ចប្រជុំកំពូល ចុងក្រោយក្នុងចំណោមមេដឹកនាំរបស់ពួកគេក្នុងខែធ្នូ ឆ្នាំ២០១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសផ្ទាល់ ក្នុងខែសីហាឆ្នាំនោះ ទាំងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin និងសមភាគីជប៉ុន និងចិន គឺលោកស្រី Yoko Kamikawa និងលោក វ៉ាង យី នឹងចូលរួមកិច្ចចរចានាពេលខាងមុខ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ក្នុងការរៀបចំសម្រាប់អ្វីដែលនឹងក្លាយជា កិច្ចប្រជុំកំពូលត្រីភាគីលើកទីប្រាំបួន របស់ពួកគេចាប់តាំងពីឆ្នាំ២០០៨ ប្រទេសទាំងបី ត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរទស្សនៈ ស្តីពីទិសដៅ និងការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ។

នៅចុងខែកញ្ញា មន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងបី បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនៅទីក្រុងសេអ៊ូលថា ពួកគេមានបំណងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស “ក្នុងរយៈពេលប៉ុន្មានខែខាងមុខ” និងកិច្ចប្រជុំកំពូល “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top