ព័ត៌មានអន្តរជាតិ

យោធាចិនថា កប៉ាល់របស់កងទ័ពជើងទឹកចិន ដេញតាមនាវាពិឃាតអាមេរិក

US Navy

បរទេស៖ អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា កប៉ាល់របស់យោធាចិនបានដេញ តាមនាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅជិតប្រជុំកោះ Xisha/Paracel ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយចិនហៅទីក្រុងវ៉ាស៊ីនតោនថាជា “អ្នកបង្កើតហានិភ័យសន្តិសុខ” និងជា “អ្នកបំផ្លាញសន្តិភាពដ៏ធំបំផុត” និងស្ថិរភាពក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការរំលោភលើដែនទឹករបស់ចិនដោយនាវាពិឃាត USS Hopper របស់អាមេរិក “បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ” អធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ហើយបានបង្ហាញជាថ្មីម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរក “អនុត្តរភាពនាវាចរណ៍” និង “ការធ្វើយោធា” នៃសមុទ្រចិនខាងត្បូង។ នេះបើតាមអ្នកនាំពាក្យរបស់បញ្ជាការ Southern Theater Command របស់ PLA គឺ វរសេនីយ៍ឯក Tian Junli បានលើកឡើង។

សារព័ត៌មាន CGTN របស់ចិនបានរាយការណ៍ថា យោធាចិនបានដាក់ពង្រាយ “កម្លាំងទ័ពអាកាស និងកងទ័ពជើងទឹក ដើម្បីតាមដាន និងឃ្លាំមើល” អ្នកឈ្លានពាន ហើយ “បានបណ្តេញចេញតាមច្បាប់” ។ មន្ទីរបញ្ចកោណមិនទាន់ ធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ។

ប្រជុំកោះ Xisha គឺជាប្រជុំកោះដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលគ្រប់គ្រងដោយចិន។ កោះ Paracel ត្រូវបានទាមទារដោយវៀតណាម និងកោះតៃវ៉ាន់ផងដែរ។ ទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់ការទាមទារ របស់ចិនចំពោះអធិបតេយ្យភាពលើកោះនេះទេ ហើយបានហៅវាម្តងហើយម្តងទៀតថា “ខុសច្បាប់” និងបង្ក “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សេរីភាពនៃសមុទ្រ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top