ព័ត៌មានអន្តរជាតិ

វៀតណាម​ និងជប៉ុន​ ព្រមព្រៀង​គ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ សន្តិសុខ​ចំពោះមុខ​ឥទ្ធិពល ​ដែល​កំពុង​កើនឡើង​របស់​ចិន​

AFP

បរទេស៖ ជប៉ុន​និង​វៀតណាម​ កាលពីថ្ងៃច័ន្ទបាន​ព្រមព្រៀង​គ្នា​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ និង​សេដ្ឋកិច្ច​របស់​ប្រទេសទាំងពីរ នៅ​ចំពោះមុខ​ឥទ្ធិពល​ដែល​ កំពុង​កើនឡើង​របស់​ចិន​ក្នុង​តំបន់។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីវៀតណាមលោក Vo Van Thuong បានជួបពិភាក្សានៅទីក្រុងតូក្យូ ហើយបានព្រមព្រៀងបើកទូលាយ កិច្ចសហប្រតិបត្តិការសន្តិសុខ ធ្វើការលើការផ្ទេរឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិទ្យា ហើយចាប់ផ្តើមពិភាក្សាអំពីកម្មវិធី ជំនួយជប៉ុនថ្មីសម្រាប់យោធានៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានគំនិតដូចគ្នានៅក្នុងតំបន់។

មេដឹកនាំទាំងពីរបាននិយាយថា ទំនាក់ទំនងជប៉ុន-វៀតណាមនឹងក្លាយទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលនាំមកនូវកិច្ចសហប្រតិបត្តិការ ដែលកំពុងបន្តរបស់ប្រទេសទាំងពីរទៅកាន់ “កម្រិតខ្ពស់ថ្មី និងពង្រីកបន្ថែមទៀតទៅកាន់រណសិរ្សថ្មី” , នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ជប៉ុនវៀតណាម ដែលផ្តល់ដោយក្រសួងការបរទេសជប៉ុន។

ប្រទេសជប៉ុនបាននិងកំពុងអភិវឌ្ឍ ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវៀតណាម ដែលជាប្រទេសអាស៊ីអាគ្នេយ៍ដ៏សំខាន់មួយ ដែលមានតួនាទីសន្តិសុខ និងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ ដែលប្រឈមមុខនឹងការកើនឡើង និងការប្រកួតប្រជែងរបស់ចិនជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត។

ការ​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​មាន​ន័យ​ថា ជប៉ុន​ឥឡូវ​បាន​ទទួល​ ឋានៈ​ជា​ដៃគូ​ថ្នាក់​កំពូល​របស់​វៀតណាម រួម​ជាមួយ​សហរដ្ឋអាមេរិក ចិន និង​ឥណ្ឌា។

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំ លោក Kishida បាននិយាយថា វៀតណាមគឺជា “ដៃគូសំខាន់ក្នុងការសម្រេចបាន នូវឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ”។ លោក Thuong ប្រធានាធិបតីវៀតណាម បាននិយាយថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ បានរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top