ព័ត៌មានអន្តរជាតិ

ឆ្មាំឆ្នេរសមុទ្ររបស់វៀតណាម និងចិន ចាប់ផ្តើមល្បាតរួមគ្នា

រូបភាពពី៖​ VN Express

បរទេស៖ ឆ្មាំឆ្នេរសមុទ្រ នៃប្រទេសវៀតណាម និងចិន បានចាប់ផ្តើមល្បាតរួមគ្នារបស់ពួកគេ នៅលើដែនទឹកដែលនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន ក្នុងឈូងសមុទ្រតុងកឹងកាលពីថ្ងៃពុធ។ នេះជាការល្បាតរួមគ្នាលើកទី២ក្នុងឆ្នាំនេះ និងលើកទី៧ ចាប់តាំងពីកិច្ចព្រមព្រៀងវៀតណាម-ចិនស្តីពីកិច្ចសហប្រតិបត្តិការនេសាទ នៅឈូងសមុទ្រតុងកឹងបានផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការល្បាតរួមគ្នាលាតសន្ធឹងលើ ១៣ ចំណុច ក្នុងចម្ងាយ ២៥៥,៥ ម៉ាយល៍។ សកម្មភាពជាច្រើន រួមទាំងកិច្ចពិភាក្សា ការត្រួតពិនិត្យ និងការត្រួតពិនិត្យលើទូកនេសាទ ដែលកំពុងប្រតិបត្តិការក្នុងដែនទឹកជាប់នឹងបន្ទាត់កំណត់ព្រំដែន និងការលើកកម្ពស់ការយល់ដឹងរបស់អ្នកនេសាទ នៃប្រទេសទាំងពីរអំពីការគោរពច្បាប់ត្រូវបានប្រារព្ធឡើង។

ក្នុងឱកាសនេះ ភាគីវៀតណាម បានបង្កើតក្រុមការងារអន្តរវិស័យ ដើម្បីត្រួតពិនិត្យការអនុលោមតាមបទប្បញ្ញត្តិច្បាប់ របស់ទូកនេសាទវៀតណាម និងអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានច្បាប់គ្រប់គ្រង (IUU)៕ ប្រែសម្រួលៈ ណៃ តុលា

To Top