ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ ប្រកាសថា នឹងបន្ថែមការកាត់បន្ថយ ការផលិតប្រេង ចាប់ពីត្រីមាសទី១ ឆ្នាំក្រោយ

Rumi Kawser

បាដាដ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាល ពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ាក់ នឹងកាត់បន្ថយការផលិតប្រេង ដោយស្ម័គ្រចិត្តចំនួន ២២០.០០០បារ៉ែលក្នុង១ថ្ងៃ (bpd) ដែលនឹងចាប់ផ្តើមនៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០២៤ ។
ចំពោះវិធានការនេះត្រូវបានធ្វើឡើង ដោយមានការសម្របសម្រួល ជាមួយអង្គការ OPEC+ និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេង នៅលើពិភពលោក ។

សេចក្តីថ្លែងការណ៍របស់ក្រសួង ខាងលើបានធ្វើឡើង នៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីក្រុមអ្នកផលិតប្រេងហៅថា OPEC + កាលពីថ្ងៃព្រហស្បតិ៍ បានយល់ព្រមកាត់បន្ថយទិន្ន ផលដោយស្ម័គ្រចិត្ត ប្រហែល២លានបារ៉ែលក្នុង១ម៉ោង សម្រាប់ដើមឆ្នាំ ក្រោយដើម្បីជំរុញទីផ្សារ ។

គួររំលឹកថា កាលពីថ្ងៃទី២ ខែមេសា ក្រសួងដដែលនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ាក់ នឹងកាត់បន្ថយការផលិត ប្រេងដោយស្ម័គ្រចិត្តចំនួន២១១.០០០បារ៉ែលក្នុង១ថ្ងៃ(bpd) ចាប់ពីខែឧសភា រហូតដល់ដំណាច់ឆ្នាំនេះ ។

គេបានដឹងថា តម្លៃប្រេងបានកើនឡើង ក្រោយពីការផ្ទុះឡើង នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសនាំចេញប្រេង រួមទាំងប្រទេសអ៊ីរ៉ាក់ផងដែរ។ ទោះបីជាយ៉ាងនេះក្តី តម្លៃប្រេងបានធ្លាក់ចុះក្នុង រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារការភ័យខ្លាច នៃតម្រូវការទាបនៅក្នុងទីផ្សារ ពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top