ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ជួបពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ជាមួយមេដឹកនាំអង់គ្លេស និងអាល្លឺម៉ង់

Xinhua

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវូឡូឌីមៀ ហ្សេឡិនស្គី បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ នៅក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទ ដាច់ដោយឡែកពីគ្នា ជាមួយនាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេសលោក Rishi Sunak និងអធិការបតី អាល្លឺម៉ង់លោក Olaf Scholz ​។

លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណ ដល់ចក្រភពអង់គ្លេស សម្រាប់ការគាំទ្រ ផ្នែកការពារ និងនយោបាយ ហើយបានជូនដំណឹង ដល់លោក Sunak អំពីតម្រូវការយោធាជាអាទិភាព របស់អ៊ុយក្រែន ជាពិសេសឧបករណ៍ ការពារ ដែនអាកាស។

លោក ហ្សេឡិនស្គី និងលោក Sunak បានពិភាក្សាអំពីការគាំទ្រ ផ្នែកម៉ាក្រូហិរញ្ញវត្ថុបន្ថែមទៀត សម្រាប់អ៊ុយក្រែន និងការអនុវត្តរូបមន្តសន្តិភាពរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំទាំងពីរក៏បានលើកឡើង អំពីបញ្ហាផ្លូវរបស់អ៊ុយក្រែន ឆ្ពោះទៅរកការ ធ្វើសមាហរណកម្ម ទៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO)។

នៅក្នុងការសន្ទនារបស់គាត់ជាមួយលោក Scholz លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ សម្រាប់កញ្ចប់ការពារ “រដូវរងារ” របស់ខ្លួន ដែលរួមមានប្រព័ន្ធ IRIS-T ចំនួន ៤គ្រឿងផងដែរ។

លោក ហ្សេឡិនស្គី និង លោក Scholz បានផ្លាស់ប្តូរទស្សនៈអំពី ស្ថានភាពនៅសមរភូមិ និងស្ថានភាពសន្តិសុខ នៅសមុទ្រខ្មៅ ។ ទស្សនវិស័យរបស់អ៊ុយក្រែន ក្នុងការចាប់ផ្តើមការចរចា ស្តីពីការចូលជាសមាជិក សហភាពអឺរ៉ុបក៏ត្រូវបានពិភាក្សា នៅក្នុងកិច្ចពិភាក្សាផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top