ព័ត៌មានអន្តរជាតិ

Update៖ បទឈប់បាញ់គ្នា បានបញ្ចប់ទៅវិញរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល

រូបភាពពី៖​ XINHUA

យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ថា បទឈប់បាញ់មនុស្សធម៌ដ៏ផុយស្រួយរវាងប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានបញ្ចប់វិញកាលពីថ្ងៃសុក្រ ដោយភាគីជម្លោះបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់នោះ ។

លោក Avichay Adraee អ្នកនាំពាក្យកងទ័ពរបស់អ៊ីស្រាអ៊ែល បានឲ្យដឹងថា អ៊ីស្រាអ៊ែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ធំ ដោយផ្តោតលើទីតាំងជាង២០០នៅតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់បានផុតកំណត់នៅម៉ោង៧និង០០នាទីម៉ោងក្នុងស្រុកត្រូវនឹងថ្ងៃសុក្រ ម៉ោង៥និង០០នាទីម៉ោងសកល ។

ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងកាលពីយប់ម្សិលមិញថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែលចាប់តាំងពីព្រឹកថ្ងៃសុក្រនៅតំបន់ហ្គាហ្សាបានបណ្តាលឱ្យមនុស្សចំនួន១៧៨នាក់ស្លាប់ និងចំនួន៥៨៩នាក់រងរបួស ។

លោក Benny Gantz សមាជិកនៃគណៈរដ្ឋមន្ត្រីសម័យសង្គ្រាមរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយកាលពីថ្ងៃសុក្រថា អ៊ីស្រាអ៊ែលបានធ្វើផែនការក្នុងអំឡុងពេលសប្តាហ៍មុនដើម្បីពង្រីកការវាយលុករបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ។

ទន្ទឹមនឹងនេះដែរ លោក Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពាររបស់អ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កងទ័ពបានវាយប្រហារតំបន់ដែលជាប់ដោយគ្រឿងផ្ទុះ រូងក្រោមដីដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធ ទីតាំងបាញ់ផ្លោង និងមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top