ព័ត៌មានអន្តរជាតិ

WHO៖ ផ្ទុះជំងឺអាសន្នរោគ នៅក្នុងប្រទេសអេត្យូពី បណ្តាលឲ្យស្លាប់មនុស្សរហូតដល់ជាង ៤០០នាក់

Picture: Boru Huka

អាប់ឌីស អាបាបា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹងកាលពីថ្ងៃសុក្រនៅក្នុង ការធ្វើបច្ចុប្បន្នភាពស្ថានភាព ចុងក្រោយរបស់ខ្លួនថា ការផ្ទុះជំងឺអាសន្នរោគដែលកំពុងបន្ត ឆ្លងរាលដាលនៅក្នុងប្រទេសអេត្យូពី បានបណ្តាលឲ្យស្លាប់មនុស្សអស់ជាង ៤០០នាក់គិតមកដល់ពេលនេះ ។

ព្រឹត្តិបត្រសុខភាពចុងក្រោយបង្អស់ សម្រាប់ប្រទេសអេត្យូពី បានព្រមានថា ឧប្បត្តិហេតុដោយសារគ្រោះទឹកជំនន់ ដែលកំពុងបន្តកើតឡើងនៅក្នុងតំបន់ផ្សេងៗគ្នា នៃប្រទេសអាហ្វ្រិកខាងកើតមួយនេះ បានធ្វើឱ្យមានការរីករាលដាលនៃជំងឺអាសន្នរោគ នៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ ថែមមួយកម្រិតទៀត ។

បើយោងតាមរបាយការណ៍បានឲ្យដឹងថា មានការកើនឡើង១២ភាគរយ នៃចំនួនអ្នកស្លាប់ដោយសារជំងឺអាសន្នរោគ នៅក្នុងអំឡុងខែវិច្ឆិកា បើធៀបនឹងខែមុន ដោយមានករណីជំងឺអាសន្នរោគចំនួន ២៨.៣៣៣នាក់ ត្រូវបានរាយការណ៍គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ក្នុងនោះមានអ្នកស្លាប់ចំនួន៤០៤នាក់ ។

នៅក្នុងរបាយការណ៍បានដាក់ថា ស្របពេលមានការកើនឡើងនៃ ចំនួនអ្នកស្លាប់ទាក់ទងនឹងជំងឺអាសន្នរោគនេះដែរ ក៏មានការកើនឡើងនៃករណីស្លាប់ដោយឡើងដល់ ១,៤៣ភាគរយ គិតត្រឹមចុងខែវិច្ឆិកា បើធៀបនឹងនៅក្នុងអំឡុងពេលដើមខែវិច្ឆិកា មានចំនួន១,៣៧ភាគរយ ។

នៅក្នុងរបាយការណ៍បានបង្ហាញឲ្យដឹង បន្ថែមពីការកើនឡើងនៃចំនួនស្រុក ដែលមានការផ្ទុះជំងឺអាសន្នរោគយ៉ាងសកម្មពី ៨១គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ដល់៩៧ គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top