ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្កើនចំនួន ទាហានសកម្ម របស់ខ្លួនដល់ជាង ១លាន៣សែននាក់ ក្រោយមើលឃើញ ការគំរាមកំហែង ផ្នែកសន្តិសុខ របស់អង្គការណាតូ

Sputnik

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធ ១៧០.០០០ នាក់ ដែលមានប្រសិទ្ធភាពភ្លាមៗ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា បទបញ្ជាប្រតិបត្តិនេះ កំណត់ទំហំ នៃកងកម្លាំងប្រដាប់អាវុធ នៃសហព័ន្ធរុស្ស៊ីដែលមានបុគ្គលិកចំនួន២.២០៩.១៣០ នាក់ ដែលក្នុងនោះ ១.៣២០.០០០ នាក់ នឹងស្ថិតនៅក្រោមកងប្រដាប់អាវុធ។

វិមានក្រឹមឡាំងបានពន្យល់ថា ការពង្រីកកងកម្លាំងនេះ គឺទាក់ទងទៅនឹងការគំរាមកំហែង ផ្នែកសន្តិសុខដោយសារ តែការពង្រីករបស់អង្គការណាតូ និងការប្រមូលផ្តុំកងទ័ព របស់ប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតាមព្រំដែនជាមួយរុស្ស៊ី ។ ការរីកលូតលាស់យោធា នឹងកើតឡើងជាដំណាក់កាល ហើយនឹងចាប់ផ្តើមជាមួយ នឹងសមាជិកសេវាកម្មទាំងនោះ ដែលបានចុះឈ្មោះចូលបម្រើក្នុងកិច្ចសន្យា។

យោងតាមអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Dmitry Medvedev បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ ២០២៣ មក ប្រជាជនជាង ៤៥០.០០០ នាក់បានចុះហត្ថលេខា លើកិច្ចសន្យាចូលបម្រើការងារ ជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។

ទាហានកិច្ចសន្យាគឺ ជាប្រភេទ ដាច់ដោយឡែកពីទាហានអាជីព និងទាហាន ដែលត្រូវបានហៅ សម្រាប់សេវាកម្មចាំបាច់របស់ពួកគេ ដែលបង្កើតបានជា យោធារុស្ស៊ីភាគច្រើន ។ ទីក្រុងមូស្គូក៏បានហៅអ្នកបម្រុងប្រហែល ៣០០.០០០ នាក់ផងដែរកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដោយសារតែការផ្លាស់ប្តូរ នៃជម្លោះអ៊ុយក្រែន។

លោកពូទីន ប្រធានាធិបតីក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកបានប្រកាសពីចេតនា ដើម្បីជំនួសគ្រាប់បែក នុយក្លេអ៊ែរចំនួន ២០០ គ្រាប់របស់ខ្លួន ដែលកំពុងដាក់ពង្រាយនៅអឺរ៉ុប និង ក្នុងប្រទេសតួកគី ជាមួយនឹងសព្វាវុធថ្មីនៅចុងឆ្នាំ ២០២៥ ។ ការពង្រីកទំហំយោធារុស្ស៊ីគឺ ជាជំហានដ៏ប្រុងប្រយ័ត្នមួយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top