ព័ត៌មានអន្តរជាតិ

Update៖ ចំនួន​អ្នក​ស្លាប់ ជា​ជនជាតិ ​ប៉ាឡេស្ទីន ​នៅតំបន់​ហ្គាហ្សា ​កើន​ដល់ ១៥,៥២៣​នាក់

Xinhua

ហ្គាហ្សា ៖ ក្រសួងសុខាភិបាល ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំង ពីថ្ងៃទី០៧ ខែតុលា បានកើនឡើងដល់១៥,៥២៣​ នាក់ហើយ ។

អ្នកនាំពាក្យក្រសួង លោក Ashraf al-Qidra បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ចំនួនអ្នករងរបួសនៅក្នុងរង្វង់ ប៉ាឡេស្ទីន បានកើនឡើងលើសពី ៤១,០០០នាក់ ចំពេលមានការដួលរលំ នៃសេវាថែទាំសុខភាព។

លោក Al-Qidra បានលើកឡើងថា អ្នករបួសរាប់រយនាក់ កំពុងត្រូវបានព្យាបាលនៅលើដី ជាមួយនឹងធនធាន វេជ្ជសាស្រ្តមានកម្រិតខ្លាំង ខណៈដែលមន្ទីរពេទ្យ នៅភាគ ខាងជើងហ្គាហ្សា “បានក្លាយទៅជាអសមត្ថភាព កាន់តែខ្លាំងឡើងក្នុងការផ្តល់ ការថែទាំសុខភាពចាំបាច់” ។

លោកបានបន្ថែមថា មន្ទីរពេទ្យទាំងអស់ នៅហ្គាហ្សាស្ទ្រីប មានសភាពទ្រុឌទ្រោមហួសពីសមត្ថភាពព្យាបាល និងគ្រែរបស់ពួកគេ ដោយខ្វះធនធាន វះកាត់ចាំបាច់ ដើម្បីដោះស្រាយករណីធ្ងន់ធ្ងរ នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Al-Qidra បានថ្កោលទោសយន្តការយឺត សម្រាប់ការអនុញ្ញាតឱ្យ អ្នករបួសទៅព្យាបាល នៅបរទេសដោយនិយាយថា មានតែមនុស្ស ៤០៣ នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះអ៊ីស្រាអែល និងហាម៉ាស។

លោកបានរំលឹកឡើងវិញនូវតម្រូវការច្រករបៀងមនុស្សធម៌ ដែលមានសុវត្ថិភាព ដើម្បីធានាលំហូរនៃការផ្គត់ផ្គង់ថ្នាំពេទ្យ និងប្រេងឥន្ធនៈ ហើយបានអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង ដើម្បីអនុញ្ញាតឱ្យអ្នករបួស និងអ្នកជំងឺធ្វើដំណើរ ទៅក្រៅប្រទេស ដើម្បីទទួលការព្យាបាល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top