ព័ត៌មានអន្តរជាតិ

លោក Putin ៖ទំនាក់ទំនងរុស្សី អារ៉ាប់រួម ស្ថិតនៅកម្រិតខ្ពស់បំផុត

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បាននិយាយ ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ របស់លោកទៅកាន់ទីក្រុង អាប៊ូដាប៊ី ថា ទំនាក់ទំនងរវាងរុស្ស៊ី និងអារ៉ាប់រួម ស្ថិតក្នុងកម្រិតខ្ពស់បំផុតមួយ មិនធ្លាប់មានកន្លងមក ។

ថ្លែងនៅក្នុងពិធីស្វាគមន៍ ដែលរៀបចំ ដោយប្រធានាធិបតី អារ៉ាប់រួម Mohamed bin Zayed Al Nahyan មេដឹកនាំរុស្ស៊ី បានកោតសរសើរ ចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងថាមពលដ៏រីកចម្រើន រវាងប្រទេសទាំងពីរ ។​ លោកPutin បាននិយាយថា ថ្ងៃនេះអរគុណចំពោះជំហររបស់អ្នក ទំនាក់ទំនងរបស់យើងបាន ឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ។

ប្រធានាធិបតីរុស្ស៊ី បានពណ៌នាអារ៉ាប់រួមដែរថា ជា៖ដៃគូពាណិជ្ជកម្មសំខាន់ របស់ទីក្រុងមូស្គូក្នុងពិភពអារ៉ាប់ ដោយកត់សម្គាល់ថា ចំណូលពាណិជ្ជកម្ម រវាងអ្នកទាំងពីរបានកើនឡើង ទៅដល់៦៧ភាគរយ កាលពីក្នុងឆ្នាំ២០២២ ហើយបង្ហាញក្តីសង្ឃឹមថា និន្នាការនេះនឹងបង្កើន ល្បឿនបន្ថែមទៀត។

លោកPutin បានបញ្ជាក់បន្ថែមទៀតថា ប្រទេសទាំងពីរកំពុងពង្រីក កិច្ចសហប្រតិបត្តិការ ឧស្សាហកម្មយ៉ាងសកម្ម ខណៈពេលដែលកំពុងចូលរួម ក្នុងការបណ្តាក់ទុនរួមគ្នាសំខាន់ៗមួយចំនួន។ លោកបានបន្ថែមថា ពួកគេក៏សហការគ្នា ជាផ្នែកមួយនៃក្រុមប្រេង OPEC+ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top