ព័ត៌មានអន្តរជាតិ

ប្រភព៖ រុស្ស៊ី នឹងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស S-400 បាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់លោកខាងលិច

រូបភាពពី៖​ AFP

បរទេស៖ គិតត្រឹមថ្ងៃនេះ ប្រទេសលោកខាងលិចចំនួនពីរ គឺរួមមានប្រទេសហូឡង់ និង ប្រទេសដាណឺម៉ាក បានយល់ព្រមផ្ទេរយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន។ ជាក់ស្តែង ប្រទេសហូឡង់គ្រោងនឹងបញ្ជូនយន្តហោះចម្បាំងដំបូងទៅកាន់ទីក្រុងគៀវនៅឆ្នាំ២០២៤។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ផែនការរបស់លោកខាងលិចក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 អាចត្រូវបានរារាំងដោយមីស៊ីលកម្រិត 40H6 រយៈចម្ងាយឆ្ងាយកម្រិតខ្ពស់នៃប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ។ ប្រភពដែលអាចទុកចិត្តបានបានប្រាប់ Sputnik ថា មីស៊ីលទាំងនេះបានបង្ហាញពីប្រសិទ្ធភាពរួចហើយក្នុងអំឡុងពេលប្រតិបត្តិការពិសេសរបស់ទីក្រុងម៉ូស្គូ។

ប្រភពបានឱ្យដឹងថា “ប្រព័ន្ធការពារដែនអាកាស S-400 ប្រើមីស៊ីលប្រឆាំងយន្តហោះរយៈចម្ងាយឆ្ងាយ 40N6 ដែលជាប្រភេទមីស៊ីលទំនើបបំផុតក្នុងពិភពលោក ហើយត្រូវបានបំពាក់ដោយបច្ចេកវិទ្យានាំផ្លូវដែលមានសមត្ថភាពពិសេស។ មីស៊ីល S-400 រួមជាមួយនឹងយន្តហោះរាវរករ៉ាដារយៈចម្ងាយឆ្ងាយ A-50U នឹងអាចភ្ជាប់គោលដៅលើជើងមេឃ រួមទាំងគោលដៅធ្វើសមយុទ្ធល្បឿនលឿននៅរយៈកម្ពស់ទាប។

ប្រភពបានបន្ថែមថា សក្តានុពលរបស់ S-400 នឹងអាចវាយប្រហារយន្តហោះ F-16 ជាមួយនឹងមីស៊ីល 40H6 ភ្លាមៗបន្ទាប់ពីការហោះហើរ និងបង្កើនកម្ពស់នៅពេលដាក់ពង្រាយនៅអាកាសយានដ្ឋានខាងមុខ។

លោកបានបញ្ជាក់ថា៖ «មីស៊ីលទាំងនេះត្រូវបានគេរំពឹងថានឹងក្លាយជាមធ្យោបាយសំខាន់មួយរួមជាមួយនឹងយន្តហោះចម្បាំងដើម្បីបំផ្លាញយន្តហោះ F-16»៕
ប្រែសម្រួលៈ ណៃ តុលា

To Top