ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន បំពេញទស្សនកិច្ចមួយ ទៅកាន់សហភាពអារ៉ាប់រួម និងអារ៉ាប៊ី សាអូឌីត

រូបភាពពី៖​ AFP

ឌូបៃ/រីយ៉ាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួម ហៅកាត់ (UAE) និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងបញ្ហាផ្សេងទៀត ដែលវាជាកង្វល់រួម ។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ UAE ឈ្មោះថា WAM បានឲ្យដឹងថា នៅក្នុងអំឡុងពេលជំនួបរបស់លោក ពូទីន ជាមួយលោក Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតី UAE នៅទីក្រុង Abu Dhabi ភាគីទាំង២បានស្វែងរកការរំពឹងទុកដើម្បីកែលម្អទំនាក់ទំនងក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ។

ពួកគេក៏បានពិភាក្សាអំពីបញ្ហានៅក្នុងតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក ដោយផ្តោតលើតំបន់ហ្គាហ្សា ។

ទីភ្នាក់ងារ WAM បានរាយការណ៍មកថា ភាគីទាំង២បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សកម្មភាពអន្តរជាតិដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ការពារជនស៊ីវិល និងធានាការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព គ្មានការរារាំង និងនិរន្តរភាព ។

មេដឹកទំាង២ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍ចុងក្រោយនៃវិបត្តិអ៊ុយក្រែនផងដែរ ។ លោកប្រធានាធិបតី UAE បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះនៅទូទាំងពិភពលោកតាមរយៈការទូត និងការសន្ទនាគ្នា ។

បន្ទាប់មកនៅថ្ងៃដដែលនោះ លោក ពូទីន បានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud ក្នុងទីក្រុងរីយ៉ាដ ។

ទូរទស្សន៍ផ្កាយរណប Al Arabiya បានរាយការណ៍មកថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បានសង្កត់ធ្ងន់ក្នុងអំឡុងកិច្ចប្រជុំថា ព្រះរាជាណាចក្ររបស់ទ្រង់ និងរុស្ស៊ីកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវស្ថិរភាពនៅមជ្ឈិមបូព៌ា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top