ព័ត៌មានអន្តរជាតិ

Update៖ អ្នកនយោបាយអ៊ុយក្រែន ត្រូវបានគេបាញ់ សម្លាប់នៅជិតក្រុងម៉ូស្គូ

AFP

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា លោក Ilya Kiva អតីតសមាជិកសភា អ៊ុយក្រែន ត្រូវបានគេបាញ់សម្លាប់ ដោយសារអាវុធពិសេសកាលពីថ្ងៃពុធ នៅក្នុងឧទ្យាននៃសណ្ឋាគារមួយ នៅក្បែរទីក្រុងម៉ូស្គូ ។
ជនមិនស្គាល់មុខម្នាក់ បានបាញ់សម្លាប់លោក Kiva ដោយប្រើកាំភ្លើងខ្លីចំនួន១ដើម ជាមួយនឹងឧបករណ៍បំបិទសំឡេង ។

ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍មកថា សាកសពរបស់គាត់ត្រូវបានគេរកឃើញ នៅក្នុងឧទ្យាននៃសណ្ឋាគារ ដែលគាត់ស្នាក់នៅទីនោះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានផ្សាយថា អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ ហៅកាត់ (GUR) នៃក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងទទួលខុសត្រូវ ចំពោះការស្លាប់របស់លោក Kiva ។ អ្នកនាំពាក្យរបស់ GUR លោក Andrey Yusov បានសារភាពតាមកញ្ចក់ទូរទស្សន៍ថា មានការចូលរួមរបស់ GUR ក្នុងការសម្លាប់អ្នកនយោបាយរូបនេះ។

ក្រុមអ្នកស៊ើបអង្កេតនៅក្នុងតំបន់ម៉ូស្គូ បានបើកសំណុំរឿង ឧក្រិដ្ឋកម្មឃាតកម្ម បន្ទាប់ពីសាកសពរបស់លោក Kiva ត្រូវបានរកឃើញ នៅក្នុងសណ្ឋាគារមួយ នៅក្នុងភូមិ Suponevo ក្នុងស្រុក Odintsovo ។ មន្ត្រីនគរបាល កំពុងធ្វើការនៅកន្លែងកើតហេតុ ដោយបំភ្លឺគ្រប់កាលៈទេសៈ នៃឧបទ្ទវហេតុនេះ ក៏ដូចជាចាប់យកការថតសំឡេង ពីកាមេរ៉ាឃ្លាំមើលសុវត្ថិភាពផងដែរ ។

គេបានដឹងថា នៅក្នុងឆ្នាំ២០១៩ លោក Kiva បានឈរឈ្មោះជាប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែបានដកបេក្ខភាព របស់គាត់ចេញវិញ។ ក្រោយមកគាត់ត្រូវបានបោះឆ្នោត ជ្រើសរើសធ្វើសមាជិករបស់ Verkhovna Rada ដែលជាសភាអ៊ុយក្រែន ក្លាយជាសមាជិក នៃគណៈកម្មាធិការសន្តិសុខ និងការពារជាតិ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top