ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរុស្ស៊ី និងអ៊ីស្រាអែល ជួបពិភាក្សា ជុំវិញស្ថានភាពមនុស្សធម៌ នៅតំបន់ហ្គាហ្សា

APA

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានពិភាក្សាគ្នាអំពីស្ថានភាព មនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។

វិមានក្រឹមឡាំងបានឲ្យដឹងថា “ការពិភាក្សាបានផ្តោតលើស្ថានភាព ដ៏សំខាន់នៅក្នុងតំបន់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ជាពិសេសស្ថានភាពមនុស្សធម៌ ដ៏មហន្តរាយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប”។

លោក ពូទីន បានអះអាងសារជាថ្មីនូវគោលជំហរ ជាគោលការណ៍របស់លោកក្នុងការបដិសេធ និងថ្កោលទោសអំពើភេរវកម្ម នៅក្នុងការបង្ហាញទាំងអស់របស់ខ្លួន ដោយចាត់ទុកថាវាចាំបាច់ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរបែបនេះ សម្រាប់ប្រជាជនស៊ីវិល ខណៈពេលដែលប្រឆាំងនឹង ការគំរាមកំហែងភេរវកម្ម។

យោងតាមវិមានក្រឹមឡាំង ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយ ដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការឈឺចាប់របស់ជនស៊ីវិល និងកាត់បន្ថយជម្លោះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ពួកគេក៏បានបង្ហាញពីចំណាប់អារម្មណ៍ ទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការជម្លៀសពលរដ្ឋរុស្ស៊ី និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាការដោះលែងជនជាតិអ៊ីស្រាអែល ដែលបានធ្វើឡើងនៅក្នុងតំបន់ហ្គាហ្សា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top