ព័ត៌មានអន្តរជាតិ

Update៖ យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ធ្លាក់ក្នុងអំឡុងពេលហ្វឹកហ្វឺន នៅកូរ៉េខាងត្បូង

AFP

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារ Yonhap បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក បានធ្លាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងពេលហ្វឹកហ្វឺន ដោយអ្នកបើកបរត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបានលោតចេញភ្លាមៗ ។

ទីភ្នាក់ងារខាងលើបានរាយការណ៍ថា “យន្តហោះនេះបានធ្លាក់ចូលទៅក្នុងទឹកក្រោយពី បានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅ Gunsan ចម្ងាយ១៧៨គីឡូម៉ែត្រស្ថិតនៅ ភាគខាងត្បូងនៃក្រុងសេអ៊ូល” ដោយស្ថិតនៅលើដែនទឹកនៅក្នុងសមុទ្រលឿង ។

ទីភ្នាក់ងារ Yonhap បានរាយការណ៍ថា អ្នកបើកយន្តហោះបានទម្លាក់ខ្លួនចេញពីយន្តហោះ ហើយត្រូវបានគេជួយសង្គ្រោះ ។

ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេចំពោះករណីនេះ ។ កងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េ ដែលមើលការខុសត្រូវលើទាហានអាមេរិក ដែលមានមូលដ្ឋាននៅភាគខាងត្បូង មិនទាន់អាចមានការបញ្ជាក់ឲ្យដឹងភ្លាមៗទេ ។

គួររំលឹកថា កាលពីខែឧសភា យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក បានធ្លាក់ក្នុងអំឡុងពេលធ្វើសមយុទ្ធហ្វឹកហាត់ ជាប្រចាំនៅក្នុងតំបន់កសិកម្មមួយកន្លែង ស្ថិតនៅភាគខាងត្បូងនៃក្រុងសេអ៊ូល ។ អ្នកបើកបរបានលោតចេញដោយសុវត្ថិភាព ហើយឧបទ្ទវហេតុនេះមិនបណ្តាលឲ្យ មានអ្នកផ្សេងទៀតរងរបួសឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top