ព័ត៌មានអន្តរជាតិ

IMF យល់ព្រមផ្តល់កម្ចី ៩០០លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីថ្ងៃច័ន្ទបានអនុម័តការផ្តល់ប្រាក់ចំនួន ៩០០ លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃប្រាក់កម្ចីរយៈពេលវែងដែលកំពុងបន្ត ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF សម្រាប់ “គាំទ្រ” ប្រទេសអ៊ុយក្រែនដែលកំពុងប្រយុទ្ធ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Zelenskyy បាននិយាយនៅលើបណ្តាញ Telegram របស់លោកបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធាន IMF លោកស្រី Kristalina Georgieva ក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ថា “សូមអរគុណចំពោះការគាំទ្រអ៊ុយក្រែន និងអបអរសាទរភាពជោគជ័យរបស់ប្រទេស និងប្រជាជនរបស់យើង” ។

លោកស្រី Georgieva បាននិយាយថា សេដ្ឋកិច្ចរបស់អ៊ុយក្រែនបានបង្ហាញពីភាពធន់ បើទោះបីជាមានការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ក៏ដោយ។ លោកស្រី Georgieva បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្លឹងមើលទៅមុខ ខណៈពេលដែលការងើបឡើងវិញត្រូវបានគេរំពឹងថានឹងបន្ត ទស្សនវិស័យមានហានិភ័យសំខាន់ៗដែលបណ្តាលមកពីភាពមិនប្រាកដប្រជាដែលទាក់ទងនឹងសង្រ្គាមកម្រិតខ្ពស់” ។ “វាមានសារៈសំខាន់ផងដែរដែលការផ្តល់ហិរញ្ញប្បទានពីខាងក្រៅលើលក្ខខណ្ឌសម្បទាននៅតែបន្តទាន់ពេលវេលា និងអាចព្យាករណ៍បាន”។ នេះបើយោងតាម Reuters ។

IMF កាលពីថ្ងៃចន្ទបានស្នើឱ្យអ៊ុយក្រែនធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលពាណិជ្ជកម្មខាងក្រៅ “ប្រកបដោយមហិច្ឆតា” នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ដើម្បីជួយស្ដារឡើងវិញនូវនិរន្តរភាពបំណុល៕ ប្រែសម្រួលៈ ណៃ តុលា

To Top