ព័ត៌មានអន្តរជាតិ

វៀតណាម ធ្វើពិធីស្វាគមន៍ផ្លូវការ សម្រាប់ប្រធានាធិបតីចិន ជាមួយនឹងការបាញ់កាំភ្លើង 21-cannon salute ដែលជាកម្រិតកិត្តិយសខ្ពស់បំផុត សម្រាប់ប្រធានរដ្ឋ

VNA/VNS Photo

បរទេស៖ អគ្គលេខាបក្សរបស់វៀតណាម លោក ង្វៀន ភូទ្រុង បានឲ្យដឹងថា វៀតណាមចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ ដើម្បីសុភមង្គលរបស់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងវឌ្ឍនភាពសកល។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ង្វៀន ភូទ្រុង បានធ្វើការកត់សម្គាល់នៅពេលលោក ជួបពិភាក្សាជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជិនពីង កាលពីថ្ងៃអង្គារ បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ ជាមួយនឹងការបាញ់កាំភ្លើង 21-cannon salute ដែលជាកម្រិតកិត្តិយសខ្ពស់បំផុត សម្រាប់ប្រធានរដ្ឋនៅទីក្រុងហាណូយ។

មេដឹកនាំចិន និងភរិយា កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែធ្នូ តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក ង្រៀន ភូទ្រុង និងភរិយា ព្រមទាំងប្រធានរដ្ឋ លោក Võ Văn Thưởng និងភរិយា។

អគ្គលេខាបក្ស លោក ភូទ្រុង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកទី៣ របស់មេដឹកនាំចិនមកកាន់ប្រទេសវៀតណាម គឺស្របពេលនឹងខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ (២០០៨-២០២៣)។ លោកបានសម្តែងនូវទំនុកចិត្តថា ដំណើរទស្សនកិច្ចលើកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ ដោយបានលើកកំពស់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មី បំពេញនូវសេចក្តីប្រាថ្នា និងផលប្រយោជន៍រួមរបស់ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និង។ ពិភពលោក។

មេដឹកនាំទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ ទៅលើស្ថានភាពរបស់បក្សនីមួយៗ ប្រទេសនីមួយៗ ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលមានការ យកចិត្តទុកដាក់គ្នាទៅវិញទៅមក៕

ប្រែសម្រួលៈ ណៃ តុលា

To Top