ព័ត៌មានអន្តរជាតិ

ទោសប្រមាថព្រះមហាក្សត្រថៃ៖ សមាជិកសភាជាស្រ្តីគណបក្សប្រឆាំង ត្រូវប៉ូលីសចាប់ខ្លួនភ្លាមៗ ក្រោយតុលាការចេញ សាលក្រមឱ្យជាប់ពន្ធនាគារ៦ឆ្នាំ

The nation

បរទេស៖ លោកស្រី Rukchanok Srinork សមាជិកសភាគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ប្រចាំទីក្រុងបាងកក ត្រូវបានកាត់ទោសពីបទប្រមាថ​ ព្រះមហាក្សត្រចំនួនពីរបទល្មើស និងត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ នៅតុលាការព្រហ្មទណ្ឌ នៅថ្ងៃពុធ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Rukchanok ត្រូវបានឃុំខ្លួនភ្លាមៗបន្ទាប់ពីសាលក្រម ត្រូវបានអាននៅតុលាការនៅផ្លូវ Ratchadapisek។

លោក Chaithawat Tulaton ប្រធានគណបក្សចលនាឆ្ពោះទៅមុខ បាននិយាយថា លោកនឹងស្វែងរកការដោះលែងលោកស្រី Rukchanok Srinork ឱ្យនៅក្រៅឃុំ ដោយរង់ចាំការប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការសម្រេចនេះ។

លោកស្រី Rukchanok ត្រូវបានចោទប្រកាន់ពីរដងថាបានរំលោភលើមាត្រា ១១២ នៃច្បាប់ប្រមាថព្រះមហាក្សត្រ និងក៏បំពានច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រ សម្រាប់សកម្មភាពក្នុងអំឡុងពេលពីថ្ងៃទី ១៨ ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហាឆ្នាំមុន។

លោកស្រី Rukchanok Srinork ត្រូវបានចោទប្រកាន់ពីបទបង្ហោះសារអំពីវ៉ាក់សាំង Covid-19 ដែលបង្ហាញពីការមើលងាយ និងភាពស្អប់ខ្ពើមចំពោះព្រះមហាក្សត្រ។ លោកស្រី Rukchanok បានឆ្លើយតបថា គ្មានទោសនោះទេ ចំពោះការចោទប្រកាន់នេះ។

លោកស្រីបានមកដល់តុលាការកាលពីថ្ងៃសុក្រ អមដោយ លោក Chaithawat , អតីតមេដឹកនាំ Move Forward លោក Pita Limjaroenrat និងសមាជិកសភាមួយចំនួននៃគណបក្ស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top