ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ នឹងបញ្ចុះបញ្ចូលក្រុមហ៊ុនធំៗ របស់ជប៉ុន ឱ្យវិនិយោគ ក្នុងឧស្សាហកម្មរថយន្តអគ្គិសនីក្នុងប្រទេសថៃ

រូបភាពពី៖​ Bangkok Post

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃសុក្រនេះ នឹងជួបជាមួយក្រុមហ៊ុនផលិតរថយន្តឈានមុខគេក្នុងប្រទេសជប៉ុន ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនទាំងនោះឱ្យវិនិយោគក្នុងឧស្សាហកម្មរថយន្តអេឡិចត្រូនិច (EV) របស់ប្រទេសថៃ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

លោកត្រូវបានអមដំណើរដោយគណៈប្រតិភូនៃខុទ្ទកាល័យរដ្ឋមន្ត្រីរួមមានរដ្ឋមន្ត្រីក្រសួងការបរទេសលោក Parnpree Bahiddha-Nukara និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Suriya Jungrungreangkit។

មុនពេលហោះហើរ នាយករដ្ឋមន្ត្រីបាននិយាយនៅ Wing 6 របស់កងទ័ពអាកាសថៃ ជាកន្លែងដែលលោកបានរៀបរាប់ពីការរំពឹងទុកសម្រាប់ការធ្វើដំណើរនេះ ដោយនិយាយថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។

លោកថា “កិច្ចពិភាក្សាក៏នឹងធ្វើឡើងជាមួយក្រុមហ៊ុនជប៉ុនធំៗ ជាពិសេសក្រុមហ៊ុនដែលមកពីឧស្សាហកម្មរថយន្ត ក៏ដូចជាក្រុមហ៊ុន Panasonic និងក្រុមហ៊ុនជាច្រើនទៀត។ ខ្ញុំនឹងព្យាយាមលើកទឹកចិត្តដល់ការវិនិយោគបន្ថែមរបស់ពួកគេ ជាពិសេសនៅក្នុងឧស្សាហកម្ម EV នៅក្នុងប្រទេសថៃ”។

នាយករដ្ឋមន្ត្រីបាននិយាយទៀតថា ពាណិជ្ជករថៃជាច្រើននាក់ក៏នឹងទៅជាមួយលោកក្នុងដំណើរនេះផងដែរ ហើយពួកគេនឹងជួបពិភាក្សាជាមួយសមភាគីជប៉ុនរបស់ពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top