ព័ត៌មានអន្តរជាតិ

អាមេរិក នឹងប្រកាសដាក់ពង្រាយកម្លាំងចម្រុះ ដើម្បីប្រឆាំងក្រុមឧទ្ទាមហួធី នៅសមុទ្រក្រហម

Xinhua

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ ដោយដកស្រង់សំដីជនជាតិអ៊ីស្រាអែលពីរនាក់ និងមន្ត្រីអាមេរិកថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃសុក្រ អំពីការដាក់ពង្រាយ “កងកម្លាំងពិសេសពហុជាតិ ដែលបានធ្វើឱ្យប្រសើរឡើង” នៅក្នុងសមុទ្រក្រហម ដើម្បីរារាំងចលនាឧទ្ទាម Ansar Allah ដែលត្រូវបានគេស្គាល់ថាជា ហួធី ពីការវាយប្រហារបន្ថែមលើនាវា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា របាយការណ៍នេះបានដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលថា ក្រុមការងារពិសេសនេះ នឹងមិនអមដំណើរកប៉ាល់ នៅក្នុងសមុទ្រក្រហមទេ ប៉ុន្តែវត្តមានរបស់កងកម្លាំងនេះ នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែងណាមួយ ប្រសិនបើកើតឡើង។

ប្រព័ន្ធផ្សព្វផ្សាយក៏បានដកស្រង់សម្តី មន្ត្រីអាមេរិកដែលនិយាយថា រដ្ឋបាលលោក Biden ប្រធានាធិបតីអាមេរិក ថ្មីៗនេះបានផ្ញើសារជាច្រើន ទៅកាន់ក្រុមឧទ្ទាម ហួធី តាមរយៈបណ្តាញជាច្រើនព្រមានពួកគេ ឱ្យបញ្ឈប់ការវាយប្រហារលើនាវានៅសមុទ្រក្រហម និងប្រឆាំងនឹងអ៊ីស្រាអែល។

របាយការណ៍បានឱ្យដឹងថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសយេម៉ែន Tim Lenderking បានធ្វើដំណើរទៅឈូងសមុទ្រនាពេលថ្មីៗនេះ ហើយបានស្នើឱ្យសមភាគីអារ៉ាប៊ីសាអូឌីត, អូម៉ានី និងកាតា បញ្ជូនសារព្រមានដល់ពួកឧទ្ទាម ហួធី ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារ របស់ពួកឧទ្ទាមលើនាវានៅសមុទ្រក្រហម។ ដោយបន្ថែមថា ប្រទេសមួយចំនួនក្នុងតំបន់បាន ផ្តល់សារស្រដៀងគ្នានេះដល់ចលនានេះ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហាររបស់ពួកគេគឺ “មិនអាចទទួលយកបាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top