ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជាក់ពីការ​ត្រៀម​ខ្លួន​សម្រាប់ បទ​ឈប់​បាញ់​មនុស្សធម៌​នៅ​ហ្គាហ្សា ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង

យេរ៉ូសាឡឹម៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog បានឲ្យដឹងថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់មនុស្សធម៌មួយផ្សេងទៀត នៅក្នុងជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។

លោក Herzog បានប្រាប់ក្រុមឯកអគ្គរដ្ឋទូតបរទេស មួយក្រុមក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពបច្ចុប្បន្ននៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសថា “ខ្ញុំអាចបញ្ជាក់ឡើងវិញនូវការពិត ដែលថាអ៊ីស្រាអែល បានត្រៀមខ្លួន សម្រាប់ការផ្អាកមនុស្សធម៌មួយផ្សេងទៀត និងជំនួយមនុស្សធម៌បន្ថែម ដើម្បីឱ្យមានការដោះលែងចំណាប់ខ្មាំង” ។ ​

ប្រធានទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែលលោក David Barnea បានជួបប្រជុំនៅប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទជាមួយនាយកទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក William Burns និងនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀង ចំណាប់ខ្មាំងថ្មីរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាដល់ថ្ងៃទី៣០ ខែវិច្ឆិកា អ៊ីស្រាអែល និងក្រុមហាម៉ាស បានសង្កេតឃើញបទឈប់បាញ់រយៈពេល ៧ថ្ងៃបន្ទាប់ពី ការសម្របសម្រួលរបស់ប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលបទឈប់បាញ់នេះ ចំណាប់ខ្មាំងអ៊ីស្រាអែល ជាច្រើននាក់នៅតំបន់ហ្គាហ្សា ត្រូវបានដោះលែងជាថ្នូរនឹងការដោះលែង អ្នកទោសប៉ាឡេស្ទីននៅអ៊ីស្រាអែល និងការបញ្ចូលជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top